(សេអ៊ូល)៖ នៅថ្ងៃចន្ទនេះ យន្តហោះសាកល្បងទី៤ នៃយន្តហោះចម្បាំងហៅថា KF-21 ដែលកូរ៉េខាងត្បូងកំពុងអភិវឌ្ឍឡើងនៅក្នុងស្រុកផ្ទាល់ ទើបតែបានធ្វើការហោះហើរជាលើកដំបូងដោយជោគជ័យ ដែលវាគឺជាសញ្ញវិជ្ជមានថ្មីចុងក្រោយបង្ហាញពីភាពរីកចម្រើន នៅក្នុងគម្រោងអភិវឌ្ឍយន្តហោះចម្បាំង​របស់ប្រទេសអាស៉ីខាងកើតមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នៅថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។

ទីភ្នាក់ងារស្រាវជ្រាវនិងអភិវឌ្ឍន៍សព្វាវុធរបស់កូរ៉េខាងត្បូង DAPA បានឱ្យដឹងថា យន្តហោះសាកល្បង KF-21 ខាងលើ បានធ្វើតេស្តហោះហើររយៈពេល ៣៤នាទី។ យន្តហោះសាកល្បង KF-21 គ្រឿងទី១ និងគ្រឿងទី២ បានទទួលជោគជ័យក្នុងការធ្វើតេស្តហោះហើរលើកដំបូងរបស់ពួកវា កាលពីខែកក្កដា និងខែវិច្ឆិកា ឆ្នាំ២០២២ ខណៈយន្តហោះគ្រឿងទី៣ ទទួលជោគជ័យកាលពីខែមករា ឆ្នាំ២០២៣នេះ។

ខណៈយន្តហោះសាកល្បង៣គ្រឿងមុន សុទ្ធតែមានកៅអីតែមួយ យន្តហោះគ្រឿងទី៤ខាងលើ មានកៅអីចំនួនពីរ ប៉ុន្តែការធ្វើតេស្តហោះហើរនាថ្ងៃចន្ទ​នេះ គឺមានពីឡុតតែម្នាក់ទេ ដ្បិតវាមានគោលដៅដើម្បីពិនិត្យមើល សុវត្ថិភាពនៃការហោះហើររបស់យន្តហោះនោះតែប៉ុណ្ណោះ។ ទីភ្នាក់ងារ DAPA បាននិយាយថា យន្តហោះសាកល្បង KF-21 គ្រឿងទី៤ នឹងត្រូវប្រើប្រាស់ដើម្បីវាយតម្លៃថា តើភាពខុសគ្នារវាងប្រភេទកៅអីមួយនិងកៅអីពីរ នឹងមានផលប៉ះពាល់ដែរឬទេ ចំពោះការធ្វើប្រតិបត្តិការរបស់យន្តហោះ។ បើតាម DAPA ម៉ូដែលដែលមានកៅអីពីរ នឹងត្រូវប្រើប្រាស់ជាចម្បងសម្រាប់ការបង្ហាត់ពីឡុត។

គួរបញ្ជាក់ថា ដោយចាប់ផ្តើមកាលពីឆ្នាំ២០១៥ គម្រោងអភិវឌ្ឍន៍យន្តហោះចម្បាំង KF-21 ដែលមានតម្លៃ៨.៨ទ្រីលានវ៉ុន ឬស្មើនឹង៦.៨ពាន់លានដុល្លារ មានគោលដៅបង្កើតយន្តហោះចម្បាំងជំនាន់ថ្មីមួយ ដែលអាចហោះក្នុងល្បឿនប្រហាក់ប្រហែលនឹងល្បឿនសំឡេង ដើម្បីជំនួសយន្តហោះចម្បាំងចាស់ៗ​របស់ខ្លួន គឺក្រុមយន្តហោះ F-4 និង F-5។ យន្តហោះសាកល្បង KF-21 គ្រឿងទី១ សម្រេចបានល្បឿនលឿនបែបនោះជាលើកដំបូង នៅក្នុងការធ្វើតេស្ត​ហោះហើរមួយកាលពីខែមុន៕