(វែលីងតោន)៖ នៅថ្ងៃចន្ទនេះ នូវែលសេឡង់បាននិយាយថា វានឹងអាចត្រូវចំណាយថវិកាដល់ខ្ទង់រាប់ពាន់លានដុល្លារឯណោះ ដើម្បីស្តារប្រទេសឡើងវិញ ក្រោយការវាយប្រហាររបស់ព្យុះស៉ីក្លូន ហ្កាប្រៀល (Gabrielle) ខណៈដែលការប្រកាសអាសន្នថ្នាក់ជាតិ ត្រូវបានបន្ថែមពេលវេលាចំនួនមួយសប្តាហ៍ទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។

ព្យុះស៉ីក្លូន Gabrielle បានបោកបក់ចំលើ តំបន់ភាគខាងជើងនៃដែនកោះខាងជើង (North Island) របស់ប្រទេសនូវែលសេឡង់ កាលពីថ្ងៃទី១២ ខែកុម្ភៈ ហើយបានបង្កការបំផ្លិចបំផ្លាញធំធេង រួមជាមួយមនុស្សស្លាប់យ៉ាងហោច១១នាក់។ នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោក គ្រីស ហ៉ីបគីន (Chris Hipkins) បានហៅព្យុះស៉ីក្លូន Gabrielle ថាជាគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់បំផុតមួយ របស់ប្រទេសនូវែលសេឡង់។ លោក ហ៉ីបគីន បានប្រកាសផ្តល់កញ្ចប់​ថវិកាជំនួយជាជំហានដំបូង ទំហំជាង១៨៧លានដុល្លារ។

រដ្ឋមន្រ្តីហិរញ្ញវត្ថុនូវែលសេឡង់ លោក ហ្ក្រេន រ៉ូបឺតសុន (Grant Robertson) ដែលត្រូវបានតែងតាំងជា រដ្ឋមន្រ្តីទទួលបន្ទុកស្តារប្រទេសឡើងវិញផងដែរនោះ បាននិយាយថា ទំហំសរុបនៃការបំផ្លិចបំផ្លាញដែលបង្កឡើងដោយព្យុះស៉ីក្លូន Gabrielle គឺអាចប្រហាក់ប្រហែលគ្នាទៅនឹងទំហំទឹកប្រាក់ ៨.៤២ពាន់លានដុល្លារ ដែលរដ្ឋាភិបាលបានចំណាយ សម្រាប់ការកសាងទីក្រុងក្រាយឆឺច (Christchurch) ឡើងវិញ ក្រោយគ្រោះរញ្ជួយដីឆ្នាំ២០១១។

គួរបញ្ជាក់ថា ទន្ទឹមគ្នានេះ ក្រោយចុះសួរទុក្ខផ្ទាល់ នៅតាមបណ្តាសហគមន៍ដែលរងគ្រោះធ្ងន់ធ្ងរ លោក គ្រីស ហ៉ីបគីន បាននិយាយថា ការប្រកាសអាសន្នថ្នាក់ជាតិ ដែលធ្វើឡើងកាលពីសប្តាហ៍មុន គឺត្រូវអូសបន្លាយរយៈពេលមួយសប្តាហ៍ទៀត។ វាគឺជាលើកទី៣ប៉ុណ្ណោះ នៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួនអាយុកាល១៨៣ឆ្នាំ ដែលនូវែលសេឡង់ បានប្រកាសអាសន្នថ្នាក់ជាតិបែបនេះ។ សម្រាប់ពីរលើកទៀតគឺកាលពីគ្រោះរញ្ជួយដី​ឆ្នាំ២០១១ និងការផ្ទុះឡើងនៃជំងឺកូវីដ១៩ កាលពីឆ្នាំ២០២០៕