(មូស្គូ)៖ កាសែតក្នុងស្រុករបស់រុស្ស៉ីបានរាយការណ៍ថា មន្រ្តីការទូតកំពូលរបស់ប្រទេសចិន លោក វ៉ាង យី (Wang Yi) បានមកដល់ទីក្រុងមូស្គូ នៃប្រទេសរុស្ស៉ីហើយ ដើម្បីពិភាក្សាអំពីផែនការសន្តិភាព ដែលអាចកើតមានសម្រាប់អ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។
កាសែត Kommersant បានរាយការណ៍ថា គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចរបស់ លោក វ៉ាង គឺដើម្បីបង្កើនតួនាទីរបស់ទីក្រុងប៉េកាំង នៅក្នុងកិច្ចព្រមព្រៀង សម្រាប់អ៊ុយក្រែន។ កំលុងសន្និសីទស្តីពីសន្តិសុខ ដែលរៀបចំឡើងក្នុងទីក្រុងមូនិច (Munich) នៃប្រទេសអាល្លឺម៉ង់ លោក វ៉ាង បានរំលឹកឡើងវិញនូវការអំពាវនាវឲ្យមានកិច្ចសន្ទនាគ្នា និងស្នើដល់បណ្តាប្រទេសអឺរ៉ុប ឲ្យ «គិតដោយអត់ធ្មត់» អំពីវិធីបញ្ចប់សង្រ្គាម។ លោក វ៉ាង ក៏បាននិយាយផងដែរថា មានកងកម្លាំងមួយចំនួនហាក់ដូចជា មិនចង់ឲ្យការចរចាទទួលបានជោគជ័យ ឬដើម្បីឲ្យសង្រ្គាមឆាប់បញ្ចប់នោះទេ តែមិនបានបញ្ជាក់ពីកងកម្លាំងណាមួយ ដែលលោកចង់សំដៅទៅដល់នោះឡើយ។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអ៊ីតាលី នៅថ្ងៃសុក្រសប្តាហ៍មុនបាននិយាយថា ប្រធានាធិបតីចិន លោក ស៉ី ជិនពីង គ្រោងថ្លែង «សុន្ទរកថាសន្តិភាព» នៅក្នុងខួបនៃការឈ្លានពានអ៊ុយក្រែនគម្រប់១ឆ្នាំ ដែលបានចាប់ផ្តើមកាលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២៕