(អូតាវ៉ា)៖ កាលពីចុងសប្តាហ៍កន្លងទៅនេះ ប្រទេសចិនបានច្រានចោលការចោទប្រកាន់ដែលថា ខ្លួនធ្លាប់បានជ្រៀតជ្រែកក្នុងដំណើរការបោះឆ្នោតសហព័ន្ធ នៅក្នុងប្រទេសកាណាដា ដោយចាត់ទុកសេចក្តីរាយការណ៍ពាក់ព័ន្ធនឹងរឿងនោះ របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាណាដា ថាជាព័ត៌មានមិនពិត និងជា​ការប៉ុនប៉ងមួលបង្កាច់ទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។

ស្ថានអគ្គកុងស៊ុលចិនប្រចាំនៅទីក្រុងវែនឃូវើ (Vancouver) ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន បានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកាណាដា ព្យាយាមបង្ខូចកិត្តិយសរបស់ចិន ហើយថាទីក្រុងប៉េកាំងមិនពេញចិត្តជាខ្លាំងចំពោះរឿងនេះ។ សេចក្តីថ្លែងការណ៍នោះធ្វើឡើង បន្ទាប់ពីកាសែតកាណាដា The Globe and Mail ដែលផ្អែកលើប្រភពឯកសារស៉ើបការណ៍សម្ងាត់ បានរាយការណ៍ថា ទីក្រុងប៉េកាំងធ្លាប់ចូលលូកលាន់ ការបោះឆ្នោតសហព័ន្ធរបស់​កាណាដា កាលពីឆ្នាំ២០២១។

កាសែតកាណាដាខាងលើ បានអះអាងថា រដ្ឋាភិបាលចិនបានប្រើប្រាស់អ្នកការទូតនិងកូនអុករបស់ខ្លួន ដើម្បីដឹកនាំយុទ្ធនាការដែលមានគោលដៅជំរុញ​ការគាំទ្រដល់បេក្ខជនមួយចំនួននៃគណបក្សសេរីនិយម (Liberal) ដែលជាបក្សត្រូវបានទីក្រុងប៉េកាំងមើលឃើញល្អជាង ប្រឆាំងនឹងបេក្ខជនរបស់បក្ស​អរិក្សនិយម។ ស្ថានអគ្គកុលស៊ុលចិនបានសង្កត់ធ្ងន់ដូច្នេះថា «អាជ្ញាធរយើងធ្លាប់បញ្ជាក់យ៉ាងច្បាស់ម្តងហើយម្តងទៀតថា ចិនតែងតែប្រកាន់ខ្ជាប់នូវ​គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃទៀត ហើយមិនដែលលូកលាន់ការបោះឆ្នោតកាណាដាមួយណាឡើយ»

គួរបញ្ជាក់ថា ទំនាក់ទំនងចិននិងកាណាដាគឺមានភាពតានតឹង ជាច្រើនឆ្នាំមកហើយ ជាពិសេសបន្ទាប់ពីការចាប់ខ្លួន នាយកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei លោកស្រី ម៉េង វ៉ាន់ចូវ (Meng Wanzhou) នៅក្នុងប្រទេសកាណាដា កាលពីឆ្នាំ២០១៨ ដែលធ្វើឡើងក្រោមសំណើរបស់សហរដ្ឋអាមេរិក។ លោកស្រី ម៉េង ត្រូវបានដោះលែងឱ្យមានសេរីភាពវិញ នៅឆ្នាំ២០២១៕