(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង កំពុងតែចំណាយពេលចោលទទេៗ ក្នុងការពិចារណាចង់ឱ្យមាន កិច្ចសន្ទនាក្នុងទម្រង់ណាមួយជាមួយរុស្ស៉ី ដើម្បីដោះស្រាយវិបត្តិសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។
លោក ហ្សេលេនស្គី បាននិយាយដូចខាងលើ ជាការឆ្លើយតបចំពោះការលើកឡើង កាលពីចុងសប្តាហ៍កន្លងទៅនេះ ដោយលោក ម៉ាក្រុង ដែលថារុស្ស៉ីគួរចាញ់សង្រ្គាមរបស់ខ្លួន នៅអ៊ុយក្រែន ប៉ុន្តែមិនគួរត្រូវវាយបំបាំងទាំងស្រុង ឬក៏បំផ្លាញនោះឡើយ ហើយវិបត្តិអ៊ុយក្រែននឹងត្រូវតែដោះស្រាយតាមរយៈការចរចាគ្នា។ លោកប្រធានាធិបតីអ៊ុយក្រែន បាននិយាយដូច្នេះថា «វានឹងជាកិច្ចសន្ទនាឥតប្រយោជន៍។ តាមពិតលោក ម៉ាក្រុង កំពុងតែខ្ជះខ្ជាយពេលវេលាចោល។ ខ្ញុំបានសន្មត់ហើយថា យើងនឹងមិនអាចផ្លាស់ប្តូរ ឥរិយាបថរបស់រុស្ស៉ីបានទេ។ ប្រសិនបើពួកគេសម្រេចចិត្តដាក់ខ្លួនឯង ឱ្យលង់លក់ទៅក្នុងក្តីសុបិន្តនៃការកសាងចក្រភពសូវៀតបុរាណឡើងវិញនោះ ពួកយើងមិនអាចធ្វើអ្វីបានឡើយ ចំពោះរឿងនោះ។ វានឹងអាស្រ័យលើពួកគេ ក្នុងការជ្រើសរើសថាគួរឬមិនគួរសហការជាមួយសហគមន៍អន្តរជាតិ ដោយឈរលើការគោរពគ្នាទៅវិញទៅមក»។
គួរបញ្ជាក់ថា ក្នុងបទសម្ភាសន៍មួយជាមួយកាសែតបារាំង កាលពីថ្ងៃសៅរ៍សប្តាហ៍មុន លោក ម៉ាក្រុង បានលើកឡើងថា បារាំងចង់ឱ្យរុស្ស៉ីចាញ់នៅអ៊ុយក្រែនតែប៉ុណ្ណោះ ប៉ុន្តែមិនដល់ថ្នាក់ត្រូវបំបាក់រុស្ស៉ីទាំងស្រុង ឬវាយប្រហារក៏ដូចជាបំផ្លិចបំផ្លាញរុស្ស៉ីតែម្តងឡើយ។ លោក ម៉ាក្រុង ធ្លាប់ទទួលរងការរិះគន់យ៉ាងខ្លាំងពីសម្ព័ន្ធមិត្ត NATO ជាពិសេសបណ្ដាប្រទេសអឺរ៉ុបខាងកើត ដែលបានចាត់ទុកថាជំហរបារាំងចំពោះរុស្ស៉ី មានភាពទន់ខ្សោយ។ កាលពីថ្ងៃសុក្រសប្តាហ៍មុន លោក ហ្សេលេនស្គី ក៏បាននិយាយដែរថា អាវុធគឺជាភាសាតែមួយគត់ ដែលអាចនិយាយស្តាប់គ្នាបានជាមួយរុស្ស៉ី៕