(ប្រាស៉ីលីយ៉ា)៖ អាជ្ញាធរប្រេស៉ីលកាលពីថ្ងៃអាទិត្យកន្លងទៅនេះ បានឱ្យដឹងថា គ្រោះទឹកជំនន់និងគ្រោះរអិលបាក់ដី ដែលកើតឡើងពីការធ្លាក់ភ្លៀងខ្លាំងក្លា នៅក្នុងប្រទេសប្រេស៉ីល បានផ្តាច់ជីវិតមនុស្សយ៉ាងហោច៣៦នាក់ នៅរដ្ឋសៅប៉ូឡូ (Sao Paulo) ភាគអាគ្នេយ៍ប្រទេស។ នេះបើតាមការចេញ​ផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។

មនុស្សចំនួនយ៉ាងហោច៣៥នាក់ បានស្លាប់នៅទីក្រុងសៅសេបាស្ទៀយ៉ូ (Sao Sebastiao) ខណៈនៅក្រុងអ៊ូបាទូបា (Ubatuba) ក៏មានមនុស្សម្នាក់ស្លាប់​ផងដែរ។ ជាមួយគ្នានេះ មនុស្ស២២៨នាក់ទៀត បានបាត់បង់កន្លែងជ្រកកោន ហើយ៣៣៨នាក់ ត្រូវបានបង្ខំឱ្យជម្លៀសខ្លួន នៅក្នុងតំបន់ជាប់មាត់សមុទ្រ​ភាគខាងជើងទីក្រុងសៅប៉ូឡូ ដែលជារដ្ឋធានីរបស់រដ្ឋសៅប៉ូឡូ។ យ៉ាងណាមិញ អាជ្ញាធរមិនបានបញ្ជាក់ឱ្យដឹងថា មានមនុស្សបាត់ខ្លួន ឬរងរបួសចំនួនប៉ុន្មាននាក់នោះឡើយ។

អភិបាលរដ្ឋសៅប៉ូឡូ លោក តាសីស៉ីយ៉ូ ដេ ហ្រ្វេអ៉ីតាស់ (Tarcisio de Freitas) បានប្រកាសភាពអាសន្នសម្រាប់ក្រុងចំនួន៥ នៅបណ្តោយឆ្នេរសមុទ្រ បន្ទាប់ពីលោកបានធ្វើដំណើរពិនិត្យមើលតំបន់រងគ្រោះពីលើដែនអាកាស ហើយលោកក៏បានបញ្ចេញថវិកាស្មើនឹង១.៥លានដុល្លារ សម្រាប់ប្រតិបត្តិការ​ជួយសង្រ្គោះផងដែរ។

គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រេស៉ីលបានរងគ្រោះធ្ងន់ធ្ងរពីបាតុភូតអាកាសធាតុអាក្រក់ៗ ដែលជំរុញដោយបញ្ហានៃការប្រែប្រួលអាកាសធាតុ​របស់ភពផែនដី។ តួយ៉ាងកាលពីឆ្នាំ២០២២ ការធ្លាក់ភ្លៀងខ្លាំងជោគជាំ នៅទីក្រុងប៉េត្រូប៉ូលីស (Petropolis) បានបង្កឱ្យមានមនុស្សរហូតដល់លើស ២៣០នាក់បាត់បង់ជីវិត៕