(កៀវ)៖ ប្រធានាធីបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រាប់បទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា កងកម្លាំងអ៊ុយក្រែនបានរក្សាការពារទីក្រុងបាកមូត (Bakhmut) ដែលស្ថិតភាគខាងកើត អស់រយៈពេលជាច្រើនខែមកហើយ ជាមួយនិងការគិតគូអំពីតម្លៃនៃការបាត់បង់អាយុជីវិតមនុស្ស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។

បាកមូត ជាទីក្រុងសមរភូមិជួរមុខក្នុងតំបន់ដូណេត ដែលមានប្រជាជនរស់នៅមុនសង្រ្គាមចំនួន ៧០,០០០នាក់ ប៉ុន្តែតាមការប៉ាន់ស្មានរបស់មន្រ្តីអ៊ុយក្រែន បច្ចប្បន្នមានជនស៉ីវិលតិចជាង ៥,០០០នាក់ ស្ថិតនៅក្នុងទីក្រុងនេះនៅឡើយ។

ក្នុងកិច្ចសម្ភាសន៍ដែលមានការជជែកដេញដោលគ្នាថាតើកងកម្លាំងដ៏ច្រើនរបស់ទីក្រុងកៀវ គួរតែស្ថិតនៅក្នុងទីក្រុងភាគខាងកើតអ៊ុយក្រែនដែលការបាញ់ផ្លោងរបស់រុស្សីបានបំផ្លាញទាំងស្រុងឬទេ? កាសែតអ៉ីតាលី Corriere della Sera បានដោយដកស្រង់សម្តីរបស់លោក ហ្សេលេនស្គី ដែលគូសបញ្ជាក់យ៉ាងដូច្នេះថា «បាទ វាមិនមែនជាទីក្រុងធំជាពិសេសនោះទេ។ ជាការពិត វាដូចទីក្រុងផ្សេងទៀតនៅតំបន់ដុនបាស់ (Donbas) ដែរ ដែលត្រូវបានបំផ្លិចបំផ្លាញដោយរុស្សី។ វាមានសារៈសំខាន់សម្រាប់ពួកយើងក្នុងការការពារទីក្រុងនេះ ប៉ុន្តែមិនមែនក្នុងតម្លៃណាក៏ដោយ ហើយក៏មិនមែនរហូតដល់ធ្វើឲ្យមនុស្សគ្រប់គ្នាត្រូវស្លាប់នោះទេ»។

លោក ហ្សេលេនស្គី បានបន្ថែមថា «មេបញ្ជាការរុស្ស៉ី កំពុងជំរុញឲ្យកងកម្លាំងរបស់ខ្លួនរុលទៅកាន់ទីក្រុងក្រាម៉ាតូស្ក៍ (Kramatorsk) និងទីក្រុងស្លូវីយ៉ាន់ស្ក៍ (Sloviansk) ដែលចូលជ្រៅទៅភាគខាងលិចក្នុងតំបន់ដូណេត (Donetsk) និងរហូតដល់ទីក្រុងភាគកណ្តាល ដែលស្ថិតនៅចន្លោះនៃទន្លេឌីនីប្រូ (Dnipro)។ យើងនឹងទប់ទល់ ហើយទន្ទឹមនឹងនេះ រៀបចំការវាយបកបន្ទាប់ទៀត»។

គួរបញ្ជាក់ថា ការឈ្លានពានរប់រុស្ស៊ីលើអ៊ុយក្រែនចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ ដោយផ្តោតទៅលើការគ្រប់គ្រងទឹកដីក្នុងតំបន់ដុនបាស់ បន្ទាប់ពីបរាជ័យដំបូងក្នុងការឈានទៅដល់រដ្ឋធានីកៀវ។ ចាប់តាំងពីខែកក្កដាមក កងកម្លាំងរុស្ស៊ីបានឡោមព័ទ្ធទីក្រុងបាកមូត នៅពេលដែលពួកគេបានដណ្តើមយកទីក្រុងធំៗចំនួន២ នៅឯភាគខាងជើងអ៊ុយក្រែន។ កងទ័ពរុស្ស៊ីដែលដឹកនាំដោយកម្លាំងទាហានស៊ីឈ្នួល Wagner Group បានចូលទៅក្នុងភូមិក្បែរនោះ ហើយការប្រយុទ្ធកំពុងកើតមាននៅសង្កាត់ភាគខាងជើង ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ ប៉ុន្តែអ្នកវិភាគយោធាអ៊ុយក្រែននិយាយថា ទីប្រជុំជនដែលត្រូវបានការពារដោយទន្លេ និងតំបន់ព្រៃមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការបង្រ្កាបកងកម្លាំងរបស់រុស្ស៊ី៕