(មូស្គូ)៖ មេដឹកនាំឆេឆេនី លោក រ៉ាំហ្សាន់ កាឌីរ៉ូវ (Ramzan Kadyrov) ដែលជាសម្ព័ន្ធមិត្តរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ថ្ងៃណាមួយលោកនឹងបង្កើតក្រុមហ៊ុនយោធាឯកជនផ្ទាល់ខ្លួន តាមយកលំនាំតាមក្រុមទាហានស៊ីឈ្នួល Wagner របស់លោក យីវហ្គីនី ព្រីហ្គូហ្ស៉ីន (Yevgeny Prigozhin)។ នេះបើយោងតាមការដកស្រង់ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។

តាមរយៈបណ្តាញ Telegram កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ លោក កាឌីរ៉ូវ បានសរសេរថា Wagner Group ដែលកំពុងប្រយុទ្ធរួមគ្នាជាមួយទាហានរុស្ស៊ីនៅអ៊ុយក្រែន បានទទួល «លទ្ធផលគួរឲ្យចាប់អារម្មណ៍» ហើយបង្ហាញថាក្រុមហ៊ុនយោធាឯកជនគឺជាផ្នែកមួយដ៏ចាំបាច់។

លោក កាឌីរ៉ូវ អាយុ ៤៦ឆ្នាំ ដែលដឹកនាំសាធារណរដ្ឋឆេឆេនី ចាប់តាំងពីឆ្នាំ២០០៧មក បានគូសបញ្ជាក់ថា «យើងអាចនិយាយដោយទំនុកចិត្តថា Wagner បានបង្ហាញលក្ខណៈពិសេសក្នុងរបៀបរបបយោធា និងបានសបញ្ជាក់ឲ្យឃើញពីតម្រូវការក្រុមហ៊ុនយោធាឯកជន។ នៅពេលដែលបេសកម្មរបស់ខ្ញុំសម្រាប់រុស្ស៉ីបិទបញ្ចប់ ខ្ញុំមានគម្រោងប្រកួតប្រជែងជាមួយបងប្រុសជាទីស្រឡាញ់របស់យើង គឺលោក ព្រីហ្គូហ្ស៉ីន ហើយបង្កើតក្រុមហ៊ុនយោធាឯកជនមួយ។ ខ្ញុំគិតថាអ្វីៗនឹងដំណើរការ»។

គួរបញ្ជាក់ថា លោក កាឌីរ៉ូវ និងលោក ព្រីហ្គូហ្ស៉ី បានដឹកនាំកងកម្លាំងដើម្បីប្រយុទ្ធនៅអ៊ុយក្រែនដែលភាគច្រើនធ្វើប្រតិបត្តិការដោយឯករាជ្យ។ អ្នកទាំងពីរគឺជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់ លោក ពូទីន ប៉ុន្តែពួកគេក៏ធ្លាប់បាននិយាយជាសាធារណៈអំពីប្រឆាំងនឹងការដឹកនាំក្នុងជួរយោធារបស់រុស្ស៊ីផងដែរ។

Wagner Group បានដើរតួនាទីកាន់តែលេចធ្លោនៅក្នុងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ដោយបានដឹកនាំការវាយលុករយៈពេលជាច្រើនខែលើសមរភូមិទីក្រុងបាកមូត (Bakhmut) ដែលស្ថិតនៅក្នុងតំបន់ដូណេត (Donetsk) ភាគខាងកើតប្រទេសអ៊ុយក្រែន៕