(អង់ការ៉ា)៖ គិតមកទល់ថ្ងៃសៅរ៍នេះ មនុស្សសរុបកើនដល់លើស ៤៥,០០០នាក់ហើយ ដែលបានបាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះរញ្ជួយផែនដី ដែលបានវាយប្រហារលើប្រទេសតួកគីនិងស៉ីរី ហើយតួលេខនេះត្រូវគេរំពឹងថា នឹងនៅតែបន្តកើនឡើង ខណៈអាផាតមិនប្រហែល ២៦៤,០០០បន្ទប់នៅតួកគី ត្រូវបានបំផ្លិចបំផ្លាញ រួមជាមួយមនុស្សជាច្រើននាក់ទៀតនៅបន្តបាត់ខ្លួន ក្នុងគ្រោះមហន្តរាយសម័យទំនើបដ៏អាក្រក់បំផុត សម្រាប់ប្រទេសមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។
រយៈពេល១២ថ្ងៃ ក្រោយគ្រោះរញ្ជួយដី មនុស្សនៅរស់ចំនួន៣នាក់ទៀត រួមមានទាំងក្មេងម្នាក់ផងដែរ ត្រូវបានជួយសង្រ្គោះពីក្រោមគំនរអគារ ក្នុងប្រទេសតួកគីនៅថ្ងៃសៅរ៍នេះ។ គិតត្រឹពេលឥឡូវ តួលេខអ្នកស្លាប់នៅតួកគីគឺ ៣៩,៦៧២នាក់ ខណៈស៉ីរីដែលនៅក្បែរខាងគ្នា មានជាង៥,៨០០០នាក់។ តួលេខអ្នកស្លាប់នៅស៉ីរីពុំបានប្រែប្រួលប៉ុន្មានថ្ងៃមកហើយ។ ស្របពេលដែលក្រុមសង្រ្គោះអន្តរជាតិភាគច្រើន បានចាកចេញពីតំបន់គ្រោះរញ្ជួយដីវិញហើយនោះ ក្រុមភ្នាក់ងារក្នុងស្រុកផ្ទាល់នៅតែកំពុងបន្តប្រតិបត្តិការដដែល ក្រោមក្តីសង្ឃឹមថានឹងអាចស្វែងរកអ្នកនៅរស់បន្ថែមទៀត។ ដោយឡែកទាំងតួកគីនិងស៉ីរី គឺពុំបានបញ្ជាក់ច្បាស់ថា មានមនុស្សប៉ុន្មាននាក់ ដែលនៅបាត់ខ្លួនឡើយ។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អង្គការសហប្រជាជាតិបានប្រកាសរៃអង្គាសថវិកាចំនួនជាង ១ពាន់លានដុល្លារ សម្រាប់ប្រតិបត្តិការសង្រ្គោះនៅក្នុងប្រទេសតួកគី ហើយក៏បានប្រកាសស្នើសុំ៤០០លានដុល្លារ សម្រាប់ប្រជាជនស៉ីរីដែលរងគ្រោះផងដែរ៕