(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូងបានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់តេស្តមីស៉ីលបាលិស្ទីគមិនទាន់ស្គាល់ប្រភេទច្បាស់ យ៉ាងហោចចំនួន១គ្រាប់ នៅថ្ងៃសៅរ៍នេះ ដែលជាការបាញ់សាកល្បងមីស៉ីលលើកទីពីរ របស់ទីក្រុងព្យុងយ៉ាងនៅក្នុងឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។
យោធាកូរ៉េខាងត្បូងបានប្រាប់ថា មីស៉ីលនោះត្រូវបានបាញ់សំដៅទៅរកសមុទ្រខាងកើត ឬហៅថាសមុទ្រជប៉ុន។ ចំណែកទីក្រុងតូក្យូក៏បានបញ្ជាក់ដូចគ្នាផងដែរថា ទីក្រុងព្យុងយ៉ាងបានបាញ់តេស្តនូវអ្វី ដែលខ្លួនជឿថាទំនងជាមីស៉ីលបាលិស្ទីគចំនួន១គ្រាប់។ យ៉ាងណាមិញ ទាំងកូរ៉េខាងត្បូងនិងជប៉ុន មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតឡើយ ជុំវិញការបាញ់មីស៉ីលនៅថ្ងៃសៅរ៍នេះរបស់កូរ៉េខាងជើង។
វាបានកើតឡើងត្រឹមមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើង បានព្រមានចាត់វិធានការឆ្លើយតបរឹងមាំនិងជាប់លាប់ ខណៈដែលកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកកំពុង ត្រៀមលក្ខណៈបន្តការធ្វើសមយុទ្ធយោធារួមគ្នា ដែលជាផ្នែកនៃកិច្ចប្រឹងប្រែងរបស់សម្ព័ន្ធមិត្តទាំងពីរ ដើម្បីទប់ទល់នូវអ្វីដែលពួកគេ ហៅថាជាការគំរាមកំហែងកាន់តែធំឡើងៗ នៃអាវុធនុយក្លេអ៊ែរនិងមីស៉ីលបាលិស្ទីគរបស់ទីក្រុងព្យុងយ៉ាង។ ក្នុងសប្តាហ៍នេះ កូរ៉េខាងត្បូងក៏បានហៅកូរ៉េខាងជើងថាជា «សត្រូវ» ក្នុងសៀវភៅសការពារជាតិរបស់ខ្លួនផងដែរ។
គួរបញ្ជាក់ថា កូរ៉េខាងជើងបានបាញ់តេស្តមីស៉ីលបាលិស្ទីគជាលើកដំបូង ក្នុងឆ្នាំ២០២៣នេះ កាលពីថ្ងៃទី១ ខែមករា។ រីឯកាលពីក្នុងឆ្នាំ២០២២វិញ ប្រទេសដែលមានអាវុធនុយក្លេអ៊ែរមួយនេះ បានបាញ់សាកល្បងមីស៉ីលក្នុងចំនួនសរុប ច្រើនមិនធ្លាប់មានពីមុនមកឡើយ ក្នុងនោះរួមមានទាំងការបាញ់មីស៉ីលបាលិស្ទីគឆ្លងទ្វីប ICBM ដែលអាចហោះដល់សហរដ្ឋអាមេរិកថែមទៀតផង៕