(តួកគី)៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី ដែលបានបំផ្លិចបំផ្លាញប្រទេសតួគី និងស៉ីរី បានកើនឡើងដល់៤១,០០០នាក់ គិតត្រឹមនៅថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈអង្គការសហប្រជាជាតិ បានប្រកាសអំពាវនាវស្វែងរកជំនួយ មួយពាន់លានដុល្លារអាមេរិក ដើម្បីដោះស្រាយវិបត្តិមនុស្សជាតិ ដែលកំពុងកើនឡើងនៅប្រទេសទាំងពីរ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។

រយៈពេល ១១ថ្ងៃក្រោយ គ្រោះរញ្ជួយដីដែលជាគ្រោះថ្នាក់ដ៏សាហាវបំផុតក្នុងចំណោមគ្រោះធម្មជាតិទាំង១០ ក្នុងរយៈពេល១០០ឆ្នាំកន្លងមកនេះ ក្រុមអ្នកសង្គ្រោះនៅប្រទេសតួកគីបានជួយសង្រ្គោះទាញក្មេងស្រីអាយុ១៧ឆ្នាំ និងស្រ្តីក្នុងវ័យ២០ឆ្នាំចេញពីកម្ទេចថ្មនៃអគារ ដោយនៅមានជីវិត។

អ្នកជួយសង្រ្គោះឈ្មោះ Ali Akdogan បាននិយាយថា «នាងមើលទៅដូចសុខភាពល្អទេ។ នាងបើកនិងបិទភ្នែក» បន្ទាប់ពីបានចូលរួមសង្គ្រោះនៅទីតាំង Aleyna Olmez នៅទីក្រុង Kahramanmaras, ដែលជាទីក្រុងមួយនៅជិតចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនោះ៕