(ញូដេលី)៖ នៅថ្ងៃសៅរ៍នេះ រដ្ឋមន្រ្តីការបរទេសឥណ្ឌា បាននិយាយវាយបកធ្ងន់ៗ ទៅកាន់ក្រុមអ្នកបញ្ចេញមតិរិះគន់ ដែលបានអះអាងថា លទ្ធិប្រជាធិបតេយ្យរបស់ប្រទេសលោក កំពុងតែទទួលរងការបំផ្លិចបំផ្លាញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។
កំលុងការចូលរួមសន្និសីទមួយនៅទីក្រុងស៉ីដនីនៃប្រទេសអូស្រ្តាលី ប្រមុខការទូតឥណ្ឌា លោក ចាយសានកា (Jaishankar) បានច្រានចោលពាក្យសម្តីចោទប្រកាន់ដែលថា សកម្មភាពចុះឆែកឆេរប៉ុន្មានថ្ងៃកន្លងទៅនេះ របស់អាជ្ញាធរពន្ធដារឥណ្ឌានៅការិយាល័យចំនួនពីរកន្លែង របស់សារព័ត៌មានអង់គ្លេស BBC ក្នុងរដ្ឋធានីញូដេលីនិងទីក្រុងម៉ុមបៃ ឆ្លុះបញ្ចាំងឱ្យឃើញពីដំណើរកំពុងឆ្ពោះទៅរករបបផ្តាច់ការ នៃនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី និងរដ្ឋាភិបាលរបស់លោក។
លោក ចាយសានកា បាននិយាយថា ក្រុមអ្នកដែលមានការយល់ឃើញបែបនោះ គឺមានបំណងបង្កការបំផិតបំភ័យ និងប្រកាន់នូវទស្សនៈបែបលោកខាងលិចនិយម ដើម្បីមើលមកលើលទ្ធិប្រជាធិបតេយ្យសម័យបច្ចុប្បន្ន ហើយអ្នកទាំងអស់នោះហាក់មិនមានការគោរពបន្តិចឡើយ ចំពោះជម្រើសនៃលទ្ធិលប្រជាធិបតេយ្យរបស់ប្រជាជនឥណ្ឌា។ លោករដ្ឋមន្រ្តីការបរទេសឥណ្ឌា បាននិយាយដូច្នេះថា «នៅតែមានមនុស្សលើពិភពលោក ដែលនៅជឿថានិយមន័យប្រជាធិបតេយ្យ ការចង់បាន និងទស្សនៈរបស់ពួកគេ គឺត្រូវតែធំជាងអ្វីៗផ្សេងទៀត»។
លោក ចាយសានកា បានបន្ថែមទៀតថា «ប្រជាជនឥណ្ឌាផ្ទាល់ គឺជាអ្នកដែលបានសម្រេចអំពីរបៀបធ្វើការរបស់ប្រទេសពួកគេ។ យើងជាប្រទេសដែលធ្លាប់ឆ្លងកាត់ក្រោមអាណានិគម ដូច្នេះយើងដឹងច្បាស់អំពីគ្រោះថ្នាក់ នៃអ្វីដែលអាចនឹងកើតឡើង នៅពេលមានការលូកលាន់ជ្រៀតជ្រែកពីកម្លាំងខាងក្រៅ។ ពួកយើងទាំងអស់គ្នាចាំបាច់ត្រូវរៀបចំ ឱ្យមានការជជែកដេញដោលមតិ និងការពិភាក្សាវែកញែកគ្នាស្តីពីបញ្ហាលទ្ធិប្រជាធិបតេយ្យ ក្នុងនោះរួមមានទាំងសំណួរថាតើ គុណតម្លៃរបស់នរណាឬក្រុមណា ដែលគួរកំណត់និយមន័យនៃពាក្យថាប្រជាធិបតេយ្យ ស្របពេលដែលពិភពលោកសម័យឥឡួវ គឺមានការប្រែប្រួលឆ្ងាយខុសពីមុន និងលែងស្ថិតក្រោមឥទ្ធិពល របស់លោកខាងលិចទាំងស្រុងទៀតហើយនោះ»។
គួរបញ្ជាក់ថា ក្រុមមន្រ្តីពន្ធដារឥណ្ឌាបានចំណាយពេល៣ថ្ងៃ ចុះឆែកឆេរនៅការិយាល័យរបស់សារព័ត៌មាន BBC ក្នុងសប្តាហ៍នេះ ហើយវាបានកើតមានឡើង តែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពី BBC បានផ្សាយវីដេអូឯកសារមួយនៅចក្រភពអង់គ្លេស ដែលមានខ្លឹមសារវាយប្រហារ លោកនាយករដ្ឋមន្រ្តី ពាក់ព័ន្ធការផ្ទុះអំពើហិង្សា សាសនាក្នុងរដ្ឋហ្គូចារ៉ាត់ (Gujarat) កាលពីឆ្នាំ២០០២ ជាពេលដែលលោក ម៉ូឌី មានតួនាទីជាប្រមុខរដ្ឋាភិបាលរបស់រដ្ឋនោះ៕