(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងផ្ញើសារទៅកាន់សមភាគីរុស្ស៉ីគឺ លោក វ៉្លាឌីមៀ ពូទីន នៅពេលដែលលោកថ្លែងសុន្ទរកថាក្នុងប្រទេសប៉ូឡូញ នាសប្តាហ៍ក្រោយនេះ ក្នុងឱកាសគម្រប់ខួបរយៈពេល១ឆ្នាំ នៃការផ្ទុះឡើងនូវសង្រ្គាមក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។

សេតវិមានបាននិយាយថា លោក បៃដិន នឹងថ្លែងសុន្ទរកថាមួយ កំលុងការបំពេញទស្សនកិច្ចទៅកាន់ ទីក្រុងវ៉ាសូវីរបស់ប៉ូឡូញ នាថ្ងៃអង្គារសប្តាហ៍ក្រោយ ពោលគឺ​រយៈពេល៣ថ្ងៃ មុនដល់គម្រប់ខួប១ឆ្នាំគត់ គិតចាប់តាំងពីកងទ័ពរុស្ស៉ីបានចូលឈ្លានពានអ៊ុយក្រែន។ នៅក្នុងថ្ងៃជាមួយគ្នានោះ លោក ពូទីន ក៏គ្រោងថ្លែងសុន្ទរកថាមួយផងដែរ នៅទីក្រុងមូស្គូ។ កំលុងទស្សនកិច្ច លោកប្រធានាធិបតីអាមេរិក នឹងជួបជាមួយប្រធានាធិបតីប៉ូឡូញ លោក អាន់ដ្រេ ឌូដា (Andrzej Duda)។ បន្ទាប់មក នៅថ្ងៃពុធ លោក បៃដិន នឹងជួបជាមួយក្រុមមេដឹកនាំនៃបណ្តាប្រទេសជាសមាជិកអង្គការណាតូ (NATO) នៅតំបន់អឺរ៉ុបខាងកើត រួមមានដូចជា ប៊ុលហ្ការី សាធារណរដ្ឋឆែក អេស្តូនី ហុងគ្រី អេតូនី លីទុយអានី ប៉ូឡូញ រ៉ូម៉ានី និងស្លូវ៉ាគី។

ក្រៅពីនេះ លោក ចូ បៃដិន ក៏នឹងពិភាក្សាតាមទូរស័ព្ទជាមួយមេដឹកនាំចក្រភពអង់គ្លេស បារាំង និងអ៉ីតាលីផងដែរ ខណៈអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល (Olaf Scholz) នឹងត្រូវមកបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៉ីនតោន នាថ្ងៃទី៣ ខែមីនា ខាងមុខ។ បើតាមសេតវិមាន លោក បៃដិន មិនមានផែនការជួបគ្នាជាមួយ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កំលុងទស្សនកិច្ចនៅប៉ូឡូញ ឬមួយក៏បន្តដំណើរទៅដល់អ៊ុយក្រែនតែម្តងនោះឡើយ ពោលគឺលោកមិនធ្លាប់​បានទៅទស្សនកិច្ចនៅអ៊ុយក្រែនទេ គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើង។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានផ្តល់ជំនួយដល់អ៊ុយក្រែនច្រើនខ្លាំងជាងប្រទេស NATO ដទៃៗទៀត ដោយមកទល់ពេលនេះជំនួយផ្នែកយោធា សេដ្ឋកិច្ច មនុស្សធម៌ និងក្នុងទម្រង់ផ្សេងៗទៀត ដែលទីក្រុងវ៉ាស៉ីនតោនប្តេជ្ញាផ្តល់ឱ្យទីក្រុងកៀវ គឺមានទំហំលើស១០០ពាន់លានដុល្លារហើយ៕