(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រសប្តាហ៍នេះ បានប្រកាសថា ប្រតិបត្តិការរុករកវត្ថុមិនស្គាល់អត្តសញ្ញាណចំនួនពីរ ដែលយោធារបស់ខ្លួនបានបាញ់ទម្លាក់ នាពេលថ្មីៗនេះពីលើផ្ទៃអាកាសរដ្ឋអាឡាស្កា (Alaska) និងតំបន់ Great Lakes គឺត្រូវបានបិទបញ្ចប់ហើយ ក្រោយមិនអាចរកឃើញដានកម្ទេចកម្ទី នៃវត្ថុទាំងនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។
វត្ថុទាំងពីរខាងលើត្រូវបានយន្តហោះចម្បាំងអាមេរិក បាញ់ទម្លាក់នៅលើភាគខាងជើងរដ្ឋ Alaska កាលពីថ្ងៃទី១០ ខែកុម្ភៈ និងនៅលើបឹងហ៊ូរ៉ុន (Huron) ជាប់ព្រំប្រទល់ប្រទេសកាណាដា កាលពីថ្ងៃទី១២ ខែកុម្ភៈ។ ទីភ្នាក់ងារជាច្រើនរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ព្រមទាំងអាជ្ញាធររបស់កាណាដាបានចូលរួម ក្នុងប្រតិបត្តិការស្វែងរកវត្ថុទាំងពីរ នាពេលកន្លងមកនេះ។ រីឯកាលពីថ្ងៃទី១១ ខែកុម្ភៈ យោធាអាមេរិកក៏បានបាញ់ទម្លាក់ វត្ថុមិនស្គាល់អត្តសញ្ញាណមួយទៀត នៅលើតំបន់យូកូន (Yukon) នៃប្រទេសកាណាដា ដែលនៅជាប់ព្រំប្រទល់រដ្ឋ Alaska ផងដែរ។ សម្រាប់ប្រតិបត្តិការរុករកវត្ថុមួយនោះវិញ គឺហាក់នៅកំពុងបន្តប្រព្រឹត្តទៅនៅឡើយ។
គួរបញ្ជាក់ថា ការបាញ់ទម្លាក់វត្ថុទាំងប៉ុន្មានខាងលើកើតមានឡើង បន្ទាប់ពីបាឡុងចិនមួយ ដែលទីក្រុងវ៉ាស៉ីនតោនអះអាងថា ជាផ្នែកនៃកម្មវិធីស៉ើបការណ៍ធំមួយរបស់ប្រទេសចិន ត្រូវបានបាញ់ទម្លាក់ដោយយោធាអាមេរិក កាលពីថ្ងៃទី៤ ខែកុម្ភៈ នៅក្បែរឆ្នេរសមុទ្ររដ្ឋការ៉ូលីណាខាងត្បូង (South Carolina) ក្រោយពីវាបានធ្វើដំណើរកាត់ពីលើសហរដ្ឋអាមេរិក អស់រយៈពេលជាច្រើនថ្ងៃ។ ប្រតិបត្តិការស្រង់បាឡុងនោះចេញពីទឹក បានបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ខណៈអាជ្ញាធរជំនាញអាមេរិក កំពុងត្រៀមធ្វើការសិក្សាវិភាគទៅលើវា។
ថ្លែងកាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថា វត្ថុមិនស្គាល់អត្តសញ្ញាណទាំង៣ខាងលើ គឺត្រូវជឿថាមិនមានជាប់ពាក់ព័ន្ធនឹង កម្មវិធីបាឡុងស៉ើបការណ៍របស់ចិននោះឡើយ ប៉ុន្តែលោក បៃដិន បានទទួលស្គាល់ថា ក្រុមមន្រ្តីរបស់លោកនៅមិនទាន់អាចកំណត់ច្បាស់ថា ពួកវាគឺជាអ្វីឱ្យប្រាកដនោះទេ។ ដោយឡែក កន្លងមកនេះ សេតវិមានបានចេញមុខអះអាងថា ទោះមិនទាន់អាចដឹងពីអត្តសញ្ញាណក៏ដោយ ពួកវាមិនមែនជាយានរបស់មនុស្សក្រៅភព ឬអេលៀនឡើយ៕