(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានឱ្យដឹងថា កាលពីថ្ងៃសុក្រសប្តាហ៍នេះ ប្រមុខដឹកនាំកំពូលរបស់ប្រទេសកូរ៉េខាងជើង គឺលោក គីម ជុងអ៊ុន បាននាំកូនស្រីរបស់លោកទស្សនាព្រឹត្តិការណ៍កីឡាមួយ ដែលចូលរួមដោយក្រុមមន្រ្តីរដ្ឋាភិបាលជាច្រើន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។

កូនស្រីម្នាក់នោះរបស់លោក គីម ជុងអ៊ុន គឺត្រូវបានប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ហៅត្រឹមថាជា «កូនជាទីស្រឡាញ់»«កូនគួរឱ្យគោរព» របស់លោក គីម ដោយពុំបញ្ជាក់ឈ្មោះចំឡើយ ហើយរូបនាងតែងតែបានបង្ហាញវត្តមានជាមួយឪពុក នៅក្នុងព្រឹត្តិការណ៍យោធាមួយចំនួន រួមទាំងកំលុងពេលលោក គីម ត្រួតពិនិត្យការប្រារព្ធព្យុហយាត្រា​យោធា អបអរថ្ងៃកំណើតកងទ័ពកូរ៉េខាងជើង កាលពីសប្តាហ៍មុនផងដែរ។

ព័ត៌មានលម្អិតអំពីក្មេងស្រីខាងលើ គឺមិនសូវមាននោះទេ ប៉ុន្តែបណ្តាញស៉ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូង ជឿជាក់ថា នាងតូចគឺជាកូនស្រីរបស់លោក គីម ឈ្មោះថា​ គីម ជូអេ (Kim Ju Ae) ដែលធ្លាប់ត្រូវបានបង្ហើបឱ្យដឹងដោយ អតីតកីឡាករបាល់បោះអាមេរិក លោក ដេននីស រ៉ូដមែន (Dennis Rodman) ដែលធ្លាប់ចំណាយពេលនៅជាមួយគ្រួសារលោក គីម ជុងអ៊ុន ផ្ទាល់ កាលពីឆ្នាំ២០១៣។

គួរបញ្ជាក់ថា លោក គីម បានបង្ហាញវត្តមានកូនស្រីជាសាធារណៈលើកដំបូងបំផុត កំលុងការធ្វើតេស្តបាញ់មីស៉ីលបាលីស្ទីគ ICBM កាលពីខែវិច្ឆិកា ឆ្នាំ២០២២។ ក្រៅពី ជូអេ លោក គីម ត្រូវគេជឿថា មានកូនប្រុសម្នាក់ដែលមានអាយុបង ជូនអេ ហើយនិងកូនម្នាក់ទៀត ដែលអាយុប្អូន ជូអេ៕