(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ (Ferdinand Marcos Jr) នៅថ្ងៃសៅរ៍នេះបានប្រកាសថា ប្រទេសលោកនឹងមិនបាត់បង់ទឹកដីសូម្បីតែមួយចំអាម ស្របពេលដែលភាពតានតឹងបានកើនឡើ់ងជាមួយទីក្រុងប៉េកាំង នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។
លោក ម៉ាកូស បាននិយាយដូច្នេះថា «ប្រទេសយើងបានមើលឃើញ ការកើនឡើងភាពតានតឹងភូមិសាស្រ្តនយោបាយ ដែលមិនសមស្របទៅនឹងឧត្តមគិតស្តីពីសន្តិភាពរបស់យើង ហើយគំរាមគំហែងចំពោះសន្តិសុខនិងស្ថិរភាពរបស់ហ្វីលីពីន ក៏ដូចជារបស់តំបន់និងពិភពលោកទាំងមូល។ ទោះជាបែបនេះក្តី ប្រទេសយើងដាច់ខាត នឹងមិនបាត់បង់ទឹកដីនោះឡើយសូម្បីតែមួយចំអាម។ យើងនឹងបន្តប្រកាន់ខ្ជាប់នូវបូរណភាពទឹកដីនិងអធិបតេយ្យរបស់យើង ដោយស្របតាមរដ្ឋធម្មនុញ្ញប្រទេសយើងផ្ទាល់ ហើយនិងច្បប់អន្តរជាតិ។ ពួកយើងនឹងធ្វើការជាមួយបណ្តាប្រទេសជិតខាង ដើម្បីធានានូវសុវត្ថិភាពនិងសន្តិសុខសម្រាប់ប្រជាជនយើង»។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ លោកប្រធានាធិបតីហ្វីលីពីន បានកោះហៅឯកអគ្គរដ្ឋទូតចិន ដើម្បីបង្ហាញពីក្តីបារម្ភធ្ងន់ធ្ងរជុំវិញ អ្វីដែលលោកហៅថាជា ការកើនឡើងនៃសកម្មភាពរបស់ទីក្រុងប៉េកាំង ប្រឆាំងមកលើកងកម្លាំងឆ្មាំសមុទ្រក៏ដូចជាអ្នកនេសាទហ្វីលីពីន នៅសមុទ្រចិនខាងត្បូង។ ក្រសួងការបរទេសចិន ធ្លាប់បាននិយាយថា កងឆ្មាំសមុទ្ររបស់ខ្លួនតែងតែធ្វើសកម្មភាព ស្របទៅតាមច្បាប់អន្តរជាតិជានិច្ច។ ការកើនឡើងភាពតានតឹងថ្មីៗនេះរវាងប្រទេសទាំងពីរ គឺកើតមានក្នុងរយៈពេលត្រឹមតែមួយខែប៉ុណ្ណោះ បន្ទាប់ពីលោក ម៉ាកូស ទើបបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ទីក្រុងប៉េកាំង៕