(មូស្គូ)៖ រុស្ស៊ី ចិន និងអាហ្រ្វិកខាងត្បូង គ្រោងនឹងចាប់ផ្តើមធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា ចេញពីឆ្នេរសមុទ្រនៃមហាសមុទ្រឥណ្ឌា របស់ប្រទេសអាហ្រ្វិកខាងត្បូង ក្នុងការបង្ហាញអំពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរបស់ប្រទេសទាំងបី ចំពេលមានការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងទំនាក់ទំនងដ៏តានតឹងរបស់ចិនជាមួយលោកខាងលិច។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។

សមយុទ្ធរយៈពេល ១០ថ្ងៃ ដែលមានឈ្មោះថា Mosi II នឹងធ្វើឡើងស្របពេលជាមួយខួបមួយឆ្នាំ នៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន នៅថ្ងៃទី ២៤ ខែកុម្ភៈ។

សមយុទ្ធកងទ័ពជើងទឹកនេះ នឹងធ្វើឡើងនៅកំពង់ផែ Durban និង Richards Bay ក្នុងខេត្ត KwaZulu-Natal របស់អាហ្វ្រិកខាងត្បូង។

នាវាចម្បាំងរុស្ស៊ីឈ្មោះ Admiral Gorshkov បានមកដល់ទីក្រុង Cape Town កាលពីដើមសប្តាហ៍នេះ ដោយត្រូវបានសរសេរអក្សរ Z និង V នៅសងខាងរបស់វា ដែលជាអក្សរសម្គាល់ថាអាវុធរុស្ស៊ីនៅជួរមុខក្នុងប្រទេសអ៊ុយក្រែន ហើយត្រូវបានគេប្រើជានិមិត្តសញ្ញាស្នេហាជាតិនៅក្នុងប្រទេសរុស្ស៊ី។

ការមកដល់របស់នាវាចម្បាំង Admiral Gorshkov បានបង្កឱ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំង ដោយសារតែវាត្រូវបានបំពាក់ដោយក្បាល់មីស៊ីល Zircon លឿនជាងសម្លេងចុងក្រោយបង្អស់ ដែលជាអាវុធដែលរុស្ស៊ីអះអាងថា អាចជ្រាបចូលប្រព័ន្ធការពារមីស៊ីលណាមួយក៏បាន ហើយវាអាចវាយប្រហារគោលដៅទាំងនៅសមុទ្រ និងនៅលើដីទៀតផង។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS បានឱ្យដឹងថា នាវាចម្បាំងគ្រោងនឹងបាញ់សាកល្បងមីស៊ីល Zircon ក្នុងអំឡុងពេលសមយុទ្ធកងទ័ពជើងទឹករបស់ពួកគេផងដែរ។ បើដូច្នេះមែន នោះវានឹងក្លាយជាការបាញ់សាកល្បង លើកដំបូងក្នុង​សមយុទ្ធ​អន្តរជាតិ។

គួរបញ្ជាក់ថា បន្ថែមពីលើនាវាចម្បាំង Gorshkov ក៏មាននាវាផ្សេងទៀតរួមមានដូចជា នាវាដឹកប្រេងរុស្ស៊ី នាវាចម្បាំងអាហ្វ្រិកខាងត្បូង និងនាវាចិនចំនួនបី ដែលជានាវាពិឃាត នាវាចម្បាំង និងនាវាគាំទ្រ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់យោធាអាហ្វ្រិកខាងត្បូង។

សមយុទ្ធកងទ័ពជើងទឹករួមគ្នានេះ កើតមានឡើងចំពេលមានភាពតានតឹងរវាងចិន និងទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីបាល់ឡុងរបស់ចិនបានហោះពីលើសហរដ្ឋអាមេរិក ហើយទីបំផុតត្រូវយោធាអាមេរិកបានបាញ់ទម្លាក់៕