(ឡុងដ៍)៖ ប៉ូលីសអង់គ្លេសបាននិយាយថា អ៊ីរ៉ង់ត្រូវបានគេសង្ស័យថាមានជាប់ពាក់ព័ន្ធក្នុងការរៀបចំផែនការរហូតដល់ចំនួន១៥ ប្រឆាំងនឹងអ្នកប្រឆាំងនៅលើទឹកដីអង់គ្លេស ចាប់តាំងពីខែមករា ឆ្នាំ ២០២២មក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។
ជំនួយការស្នងការប៉ូលីស លោក Matt Jukes បាននិយាយថា ផែនការរបស់អ៊ីរ៉ង់ចំនួន៥ ដើម្បីធ្វើឃាត ចាប់ពង្រត់ ឬធ្វើភេរវកម្មនៅក្នុងចក្រភពអង់គ្លេស ត្រូវបានទប់ស្កាត់ទាន់ឆ្នាំ២០២៣នេះ។
ប្រធានទីភ្នាក់ងារសន្តិសុខ លោក Ken McCallum បាននិយាយនៅក្នុងសុន្ទរកថាមួយកាលពីខែវិច្ឆិកាឆ្នាំមុនថា «អ៊ីរ៉ង់បានគំរាមកំហែងដោយផ្ទាល់ដល់ចក្រភពអង់គ្លេស តាមរយៈសេវាស៊ើបការណ៍សម្ងាត់ដ៏ឈ្លានពានរបស់ខ្លួន»។
ប្រធានទីភ្នាក់ងារសន្តិសុខរូបនេះបានសង្កត់ធ្ងន់ថា ចារកម្មអ៊ីរ៉ង់បានរៀបចំផែនការយ៉ាងហោចណាស់ចំនួន១០ ចាប់តាំងពីខែមករាឆ្នាំមុន ដើម្បីចាប់ពង្រត់ ឬសម្លាប់ជនជាតិអង់គ្លេសដែលចាត់ទុកថាជា «សត្រូវនៃរបបរបស់ខ្លួន»។
ការលាតត្រដាងនេះបានកើតឡើង បន្ទាប់ពីប៉ូលិសប្រដាប់អាវុធត្រូវបានបញ្ឈរជើងនៅខាងក្រៅការិយាល័យ របស់អង្គការសារព័ត៌មានអ៊ីរ៉ង់មួយ ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ដែលជាស្ថាប័នព័ត៌មានជាភាសាពែក្ស ដែលរិះគន់របបដឹកនាំទីក្រុងតេហេរ៉ង់៕