(រ៉ូម)៖ រដ្ឋមន្រ្តីការបរទេសអ៉ីតាលី នៅថ្ងៃសុក្រនេះ បាននិយាយថា ប្រធានាធិបតីចិនលោក ស៉ី ជិនពីង នឹងថ្លែងសុន្ទរកថាមួយស្តីពីសន្តិភាព ក្នុងឱកាសគម្រប់ខួបរយៈពេលមួយឆ្នាំ នៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន ខណៈលោករដ្ឋមន្រ្តីអ៉ីតាលីបានអះអាងយ៉ាងដូច្នេះ ក្រោយទើបជួបពិភាក្សាជាមួយមន្រ្តីការទូតកំពូលចិន គឺលោក វ៉ាង យី (Wang Yi)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។

រដ្ឋមន្រ្តីការបរទេសអ៉ីតាលី លោក អាន់តូនីញ៉ូ តាចានី (Antonio Tajani) បានប្រាប់វិទ្យុអ៉ីតាលី RAI ដូច្នេះថា «លោក វ៉ាង យី បានប្រាប់ខ្ញុំថា លោក ស៉ី នឹងថ្លែងសុន្ទរកថាមួយស្តីពីសន្តិភាព នៅគម្រប់ខួបនៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន ដែលបានចាប់ផ្តើមឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២» បន្ទាប់ពីលោក តាចានី បានជួបជាមួយមន្រ្តីការទូតជាន់ខ្ពស់បំផុតរបស់ចិន នៅឯទីក្រុងរ៉ូមក្នុងសប្តាហ៍នេះ។

គួរបញ្ជាក់ថា បើតាមលោក តាចានី ក្នុងជំនួបពិភាក្សាជាមួយលោក វ៉ាង យី រូបលោកក៏បានអំពាវនាវផងដែរឱ្យ ប្រទេសចិនប្រើប្រាស់ឥទ្ធិពលដែលខ្លួនមាន ដើម្បីព្យាយាមបញ្ចុះបញ្ចូលរុស្ស៉ី ឱ្យយល់ព្រមចូលអង្គុយនៅតុចរចាសន្តិភាព ដើម្បីធានានូវឯករាជ្យភាពរបស់អ៊ុយក្រែន ហើយបិទបញ្ចប់សង្រ្គាមដ៏ប្រល័យ​បំផុតមួយនេះប្រចាំនៅតំបន់អឺរ៉ុប គិតចាប់តាំងពីក្រោយសម័យសង្រ្គាមលោកលើកទីពីរ៕