(ប៉េកាំង)៖ សប្តាហ៍ក្រោយនេះ គឺជាសប្តាហ៍នៃការរំលឹកទិវាខួបមួយឆ្នាំសង្គ្រាមក្នុងអ៊ុយក្រែន។ សប្តាហ៍ដែលនឹងឈានដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ គឺជាសប្តាហ៍ ដែល មានក្តីបារម្ភខ្លាចក្រែងសង្គ្រាមនឹងវិវត្តន៍ទៅកាន់ភាពអាក្រក់កាន់តែខ្លាំងថែមទៀត។ មុននឹងខួបមួយឆ្នាំបានមកដល់, លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើដំណើរទៅប្រទេស បេឡារុស, ចំណែកប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ត្រូវគេរំពឹងថានឹងធ្វើដំណើរទៅប្រទេសប៉ូឡូញ ដែលដំណើររបស់មេដឹកនាំកំពូលពិភពលោកទាំង២នេះ គឺដើម្បីលើកទឹកចិត្តទាហានប្រយុទ្ធទាំងសងខាងដើម្បីបន្តការប្រយុទ្ធស៊ីសាច់ហុតឈាមគ្នាឆ្នាំ២០២៣។
ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានថ្លែងអញ្ជើញប្រធានាធិបតីអាមេរិក លោក ចូ បៃដិនដើម្បីធ្វើកិច្ចពិភាក្សាលើការស្វែងរកកិច្ចព្រមព្រៀងសន្តិភាព មួយសម្រាប់ប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីបេឡារុសដដែលបានថ្លែងទៀតថាមេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ក៏នឹងអញ្ជើញមករដ្ឋធានី Minsk នៃប្រទេសបេឡារុស ដើម្បីធ្វើការជជែកគ្នាលើការរកសន្តិភាពនេះផងដែរ។ សំណើរកការអញ្ជើញមេដឹកនាំសហរដ្ឋអាមេរិកនេះ បានធ្វើឡើងក្នុងសន្និសីទកាសែតដែលឥតព្រាងទុកមួយក្នុង ប្រទេសបេឡារុស ដោយលោក Lukashenko និយាយថាលោកចូបៃដិន អាចធ្វើដំណើរតាមជើងយន្តហោះមកកាន់ប្រទេសបេឡារុស។
លោក Lukashenko បានថ្លែងថា លោកនឹងធានាថាមេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ក៏នឹងអញ្ជើញមក ហើយលោកថាមេដឹកនាំប្រទេសទាំង៣នឹងធ្វើការអង្គុយចុះ និងធ្វើការដោះស្រាយបញ្ហាទាំងមូល។ លោកថាគេនឹងធ្វើការដោះស្រាយបញ្ហានៅទីនេះតែម្តង ប៉ុន្តែបន្ថែមថាលោក ចូ បៃដិននឹងមិនធ្វើដំណើរមកទីនេះឡើយបើទោះបីជា ដើម្បីផលប្រយោជន៍នៃការបញ្ចប់សង្គ្រាមក៏ដោយ។ លោកបញ្ជាក់ទៀតថាជំនួបរវាងមេដឹកនាំទាំង៣ វាពិតជាមានប្រយោជន៍ដែលនឹងនាំទៅរកការបញ្ឈប់អំពើសម្លាប់មនុស្ស។
មិនមានប្រតិកម្មណាមួយពីសហរដ្ឋអាមេរិកជុំវិញសម្តីស្នើរបស់មេដឹកនាំបេឡារុស ហើយក៏មិនមានការលើកឡើងពីមជ្ឈដ្ឋានដទៃដែលជម្រុញឱ្យមានការជជែកគ្នាដែលបេឡារុស ធ្វើជាប្រទេសសម្របសម្រួលនោះឡើយ។
នៅថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ, មេដឹកនាំបេឡារុស Alexander Lukashenko នឹងធ្វើការជួបគ្នាជាមួយនឹងមេដឹកនាំរុស្ស៊ីក្នុងរដ្ឋធានី Minsk។ មេដឹកនាំបេឡារុស បានថ្លែងប្តេជ្ញាក្នុងសប្តាហ៍នេះថាប្រទេសលោកបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការចូលរួមជាមួយនឹង រុស្ស៊ីបើសិនណាតែមានទាហានបរទេសណាម្នាក់ហ៊ាន ចូលមកក្នុងទឹកដី បេឡារុសហើយប្រើអាវុធសម្លាប់ពលរដ្ឋបេឡារុសនោះ។ ប្រទេសបេឡារុសដែលស្ថិតជាប់នឹងប្រទេសរុស្ស៊ី គឺជាប្រទេសសម្ព័ន្ធមិត្តដ៏រឹងមាំមួយរបស់រុស្ស៊ីនិងជាប្រទេសដែលគាំទ្រ លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន។ កម្លាំងទាហានបេឡារុស និងកម្លាំងទាហានរុស្ស៊ី ទើបបានធ្វើសមយុទ្ធយោធារួមគ្នាមួយរវាងពីថ្ងៃទី១៦ ខែមករា ដល់ថ្ងៃទី១ ខៃកុម្ភៈ ឆ្នាំ២០២៣ និងបេឡារុសបានបង្ហាញនូវការត្រៀមប្រកៀកស្មាគ្នាជាមួយនឹងរុស្ស៊ីថែមទៀត បើសិនជាប្រទេសអ៊ុយក្រែននឹងហ៊ានបំពានដាក់លើទឹកដី។
អ្នកកាសែត BBC ម្នាក់បានដាក់សំណួរសួយទៅលោក Lukashenko ក្នុងសន្និសីទកាសែតសប្តាហ៍នេះថា កាលពីឆ្នាំមុន បេឡារុសបានអនុញ្ញាតឲ្យប្រទេសរបស់ខ្លួនប្រើប្រាស់ ជាទីតាំងសម្រាប់ឲ្យរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែន។ តើនៅពេលនេះ បេឡារុសនឹងត្រៀមលក្ខណៈ ដើម្បីធ្វើដូចឆ្នាំមុនដែរ ឬយ៉ាងណា? លោក Lukashenko បានឆ្លើយតបថា លោកបានត្រៀមលក្ខណៈរួចរាល់ដើម្បីផ្ដល់ទឹកដីដល់រុស្ស៊ី ហើយក៏បានត្រៀមលក្ខណៈរួចរាល់ផងដែរដើម្បីធ្វើសង្គ្រាមដោយសហរការជាមួយនឹងរុស្ស៊ី ចេញពីទឹកដីបេឡារុស បើសិនជាអ៊ុយក្រែនហ៊ានធ្វើការវាយប្រហារណាមួយមុនដាក់លើបេឡារុស។ បើទោះជាបេឡារុសបានបង្ហាញនូវជំហររង់ចាំការវាយប្រហារមុនរបស់អ៊ុយក្រែន ក៏ដោយ, មានការព្រួយបារម្ភថាកម្លាំងប្រទេសបេឡារុសនឹងត្រៀមធ្វើកិច្ចសហការជាមួយរុស្ស៊ី ដើម្បីចូលរួមធ្វើការប្រយុទ្ធក្នុងរដូវផ្ការីកខាងមុខនេះ។
មិនមានសេចក្តីរាយការណ៍បញ្ជាក់បន្ថែមថាតើជំនួបរវាងមេដឹកនាំរុស្ស៊ីជាមួយនឹងមេដឹកនាំបេឡារុស ថ្ងៃទី១៧ ខែកុម្ភៈនេះ បានផ្តោតលើអ្វីជាសំខាន់នោះឡើយ ប៉ុន្តែមាន ការសង្ស័យថារុស្ស៊ីនឹងអូសទាញបេឡារុសដើម្បីការលោតចូលក្នុងការធ្វើកិច្ចសហប្រតិបត្តិការយោធាជាមួយនឹងរុស្ស៊ី ខណៈឆ្នាំ២០២៣មានការរំពឹងលើការធ្វើសង្គ្រាមផ្តាច់ព្រ័ត មួយដើម្បីការរកជ័យជម្នះរវាងរុស្ស៊ីនិងអ៊ុយក្រែនដែលមានការជួយជ្រោមជ្រែងគ្រប់សព្វបែបយ៉ាងពីសហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិច។ សប្តាហ៍ក្រោយដែលនឹង ឈានមកដល់នេះ គឺជាសប្តាហ៍នៃការរំលឹកទិវាខួបមួយឆ្នាំនៃសង្គ្រាមក្នុងអ៊ុយក្រែន។ សប្តាហ៍ដែលនឹងឈានដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ គឺជាសប្តាហ៍ ដែលមានក្តីបារម្ភខ្លាច ក្រែងសង្គ្រាមនឹងវិវត្តន៍ទៅកាន់ភាពអាក្រក់កាន់តែខ្លាំងថែមទៀត។ BBC បានដាក់សំណួរមួយទៅកាន់ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គី ក្នុងការចង់ដឹងថាតើនឹងអាចមាន អ្វីកើតឡើង? លោក ហ្សេលេនស្គីបានថ្លែងថាបើទោះបីជាមានអ្វីកើតឡើងក៏ដោយ ទាហានអ៊ុយក្រែននៅតែបន្តការពារទឹកដីនិងដែនអធិបតេយ្យភាពជាតិរបស់ខ្លួនរហូត លុះត្រា ដែលអ៊ុយក្រែននឹងមានកម្លាំងគ្រប់គ្រាន់ដើម្បីធ្វើការវាយប្រហារបកដាក់លើសត្រូវ វិញក្នុងការដណ្តើមយកទឹកដីដែលរុស្ស៊ីបានគ្រប់គ្រង។ លោកបានបដិសេធលើការមិនប្រគល់ ទឹកដីរបស់ខ្លួនទៅឱ្យប្រទេសរុស្ស៊ីនោះឡើយបើទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពណា មួយក៏ដោយ។ ក្នុងសំណួរដែលចង់ដឹងថាបើសិនជាពេលនោះ ស្រាប់តែមានប្រទេស បេឡារុសបានលូកដៃចូលមកធ្វើសង្គ្រាមបន្ថែម តើលោកយល់យ៉ាងណា?
លោក ហ្សេលេនស្គីថ្លែងថា វានឹងជាកំហុសដ៏ធំមួយរបស់លោក Lukashenko និងរបស់បេឡារុស…ហើយវានឹងក្លាយជាកំហុសជាប្រវត្តិសាស្ត្រថែមទៀត។ ក្នុងសំណួរបន្តថា ប៉ុន្តែបើបេឡារុសចង់លោតចូលក្នុងសង្គ្រាមនោះដោយខ្លួនឯង, តើអ៊ុយក្រែនអាចទប់ទល់បានទេ? លោកហ្សេលេនស្គីបានថ្លែងថា «យើងនឹងធ្វើការវាយប្រហារ… យើងនឹងអាច ទ្រាំទ្របាន…យើងនឹងមិនស្លាប់ទេ»។ ក្នុងសំណួរបន្ថែមទៀតថាក្នុងខួបមួយឆ្នាំដែលនឹងមកដល់ខាងមុខនេះ បើសិនជារុស្ស៊ីកាន់តែបង្កើនការវាយប្រហារ តើអ៊ុយក្រែននឹងអាច ទ្រាំទ្រប្រយុទ្ធខ្លាំងទៀតបានដែរឬទេ? លោក ហ្សេលេនស្គីបានថ្លែងថាការវាយប្រហារនឹងធ្វើមកពីគ្រប់ជ្រុងប៉ុន្តែយើងនឹងការពារទឹកដីរបស់យើង…យើងត្រូវការអាវុធទំនើប មានឥទ្ធិពលដែលអាវុធនោះ គឺជាភាសាតែមួយគត់ដែលរុស្ស៊ីអាចស្តាប់បាន…ហើយយើងនឹងប្រើភាសានោះ ក្នុងការឆ្លើយតបចំពោះរុស្ស៊ីវិញ។ នៅលើសមរភូមិនោះវិញ សេចក្តីរាយការណ៍បានបង្ហាញថាកម្លាំងទាហានរុស្ស៊ីកំពុងតែមានប្រៀបជាងកម្លាំងទាហានអ៊ុយក្រែនដោយរុស្ស៊ីបានពង្រីកការឈរជើងរបស់ខ្លួនវាតទំហំកាន់តែធំថែមទៀត ក្នុងតំបន់សមរភូមិប្រយុទ្ធ ប៉ុន្តែលោក ហ្សេលេនស្គីបានថ្លែងថាលោកនឹងមិនព្រមចាញ់រុស្ស៊ីនិងប្រគល់ទឹកដីឱ្យរុស្ស៊ីឡើយ។
លោក ហ្សេលេនស្គី បានថ្លែងថាការធ្វើសម្បទានទឹកដីគឺជាការធ្វើឱ្យប្រទេសចុះខ្សោយ…ដូច្នេះ យើងមិននិយាយអំពីការធ្វើសម្បទាននោះទេ…យើងអាចធ្វើសម្បទាន មួយលានដងក្នុងមួយថ្ងៃបាន ប៉ុន្តែមិនមែនជាមួយនឹងលោកពូទីននោះឡើយ ពីព្រោះយើងមិនជឿជាក់លើរូបលោក ពូទីននោះឡើយ។ រុស្ស៊ីវេលាចុងក្រោយនេះ ត្រូវគេឃើញថា បានផ្លាស់ប្តូរនូវល្បិចកលប្រយុទ្ធក្រោយមានបទពិសោធន៍ប្រើបាល់ឡុងហោះដើម្បីធ្វើឱ្យប្រព័ន្ធការពារអាកាសអ៊ុយក្រែនចុះខ្សោយ។ កាលពី ថ្ងៃពុធ ទី១៥ ខែកុម្ភៈ រុស្ស៊ីបានបង្ហោះ បាល់ឡុង៦ជាមួយការរចនាប្លែកដែលមានចំណាំងផ្លាតរ៉ាដា រាងជ្រុងខ្វែងគ្នា ដែលបង្កឱ្យមានស៊ីរ៉ែនបន្លឺឡើងព្រមានអំពីការបាញ់គ្រាប់មីស៊ីលចូល ក្នុងក្រុងកៀវ។ រុស្ស៊ីបានប្រើ ល្បិចកលបាញ់គ្រាប់ដូចជាមីស៊ីលដែលមិនបំពាក់ក្បាលគ្រាប់ decoy missiles without explosive warheads ដើម្បីបោកបញ្ឆោតឱ្យប្រព័ន្ធការពារអាកាសអ៊ុយក្រែន បាញទម្លាក់ និងក្រោយមកបានបាញ់គ្រាប់មីស៊ីលមែនទែនដាក់លើគោលដៅក្នុងអ៊ុយក្រែន។
សេចក្តីរាយការណ៍បានបង្ហាញថា នៅថ្ងៃព្រហស្បតិ៍ទី១៦ ខែកុម្ភៈ រុស្ស៊ី បានប្រើមីស៊ីលគ្រូស, មីស៊ីលបាញ់ពីអាកាស និងមីស៊ីលបាញ់ចេញពីសមុទ្ទចំរុះគ្នាចំនួន៣៦ គ្រាប់ដាក់លើ គោលដៅក្នុងប្រទេសអ៊ុយក្រែនទាំងយប់បណ្តាលឱ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធនិងប៉ះ ពាល់ដល់ជីវិតមនុស្សថែមទៀត។ កងកម្លាំងអ៊ុយក្រែនថ្លែងថាគេអាចស្ទាក់បាញ់ ទម្លាក់មីស៊ីល រុស្ស៊ីបានតែចំនួន ១៦ គ្រាប់ទេក្នុងចំណោមគ្រាប់មីស៊ីលទាំង៣៦នោះ៕