(អ៉ីស្លាម៉ាបាដ)៖ ក្រសួងការបរទេសប៉ាគីស្ថាន បានច្រានចោលការអះអាង ដែលថាទីក្រុងអ៊ីស្លាម៉ាបាដ ផ្គត់ផ្គង់សម្ភារយោធាដល់ក្រុងកៀវ ក្រោយពីពាក្យចចាមអារ៉ាមអំពីការចូលរួមរបស់ខ្លួនក្នុងជម្លោះនេះ បាននិងកំពុងរីករាលដាលអស់រយៈពេលជាច្រើនខែមកហើយ។ នេះបើយោងតាមការចុះផ្សាយផ្សាយដោយសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។

សេចក្តីរាយការណ៍អំពីការជាប់ពាក់ព័ន្ធរបស់ប៉ាគីស្ថាននៅក្នុងជម្លោះអ៊ុយក្រែន ត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គមចាប់តាំងពីខែសីហា ឆ្នាំ២០២២មកម្ល៉េះ ភ្ជាប់ជាមួយរូបភាពនៃគ្រាប់រំសេវដែលផលិតនៅប៉ាគីស្ថាន។ ការផ្សព្វផ្សាយទាំងនោះ គឺមានរួមទាំងកាសែតបារាំងឡេ ម៉ុន (Le Monde) នៅក្នុងខែកញ្ញា ឆ្នាំ២០២២ និងកាសែតឥណ្ឌា The Economic Times កាលពីខែមករា។

នៅពេលត្រូវបានចោទសួរអំពីរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយទាំងនេះ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី មុំតាស់ ហ្សារ៉ា បាឡុច (Mumtaz Zahra Baloch) បានឆ្លើយថា «វាជារឿងមិនពិតទេ»។ ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោកស្រី បានបញ្ជាក់ថា ប្រទេសប៉ាគីស្ថានរក្សាគោលនយោបាយមិនជ្រៀតជ្រែកក្នុងជម្លោះយោធា។ បើតាមលោកស្រី ប៉ាគីស្ថាននាំចេញសម្ភារការពារជាតិទៅកាន់ តែបណ្តាប្រទេសដែលជាអ្នកប្រើប្រាស់ពួកវាផ្ទាល់ ហើយធានាថាគ្មានការផ្ទេរចេញបន្តឡើយ។

គួរបញ្ជាក់ថា កន្លងមក កាសែតឥណ្ឌា The Economic Times បានអះអាងថា ប៉ាគីស្ថានត្រៀមរៀបចំការដឹកជញ្ជូនគ្រាប់កាំភ្លើងធំចំនួន ១៥៩កុងតឺន័រ ទៅកាន់ប្រទេសប៉ូឡូញដែលមានគោលបំណងសម្រាប់ អ៊ុយក្រែន។ របាយការណ៍នោះ ផ្អែកលើប្រភពមិនបញ្ចេញអត្តសញ្ញាណ តែបានផ្តល់ព័ត៌មានលម្អិតពីទំហំនៃការដឹកជញ្ជូន រួមទាំងឈ្មោះនាវា គោលដៅដែលបានគ្រោងទុក និងខ្លឹមសារនៃទំនិញ។

កាសែតនេះបានបន្ថែមថា ពីមុនប៉ាគីស្ថានបានដើរតួយ៉ាងសំខាន់ក្នុងការផ្ទេរអាវុធ ក្នុងនាមចក្រភពអង់គ្លេសទៅឲ្យអ៊ុយក្រែន ដោយរំពឹងថាខ្លួននឹងទទួលបានជំនួយពីអ៊ុយក្រែន ក្នុងការជួសជុលឧទ្ធម្ភាគចក្រផលិតដោយសូវៀតជាថ្នូរត្រឡប់មកវិញ៕