(ញូដេលី)៖ សហរដ្ឋអាមេរិកបាននាំយកយន្តហោះចម្បាំងទំនើបបំផុតរបស់ខ្លួន គឺ F-35 មកកាន់ប្រទេសឥណ្ឌាជាលើកដំបូង នៅក្នុងសប្តាហ៍នេះ រួមជាមួយយន្តហោះចម្បាំងដទៃទៀត រួមមាន F-16, F-18 Super Hornet ហើយនិងយន្តហោះទម្លាក់គ្រាប់បែក B-1B ជាដើម ខណៈទីក្រុងវ៉ាស៉ីនតោនហាក់កំពុងព្យាយាមចង់អូសទាញទីក្រុងញូដេលីចេញពីរុស្ស៉ី ដែលជាអ្នកផ្គត់ផ្គង់យោធាដ៏យូរអង្វែងរបស់ឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។
ការបង្ហាញវត្តមានយន្តហោះយោធាអាមេរិកខាងលើ គឺធ្វើឡើងកំលុងពិព័រណ៍ផ្លូវអាកាស Aero India 2023 ដែលត្រូវបិទបញ្ចប់ទៅវិញនៅថ្ងៃសុក្រនេះ។ ប្រភពពីកងទ័ពអាកាសឥណ្ឌាបានឱ្យដឹងថា ទោះបីយន្តហោះចម្បាំង F-35 មិនកំពុងស្ថិតក្រោមការពិចារណាទិញដោយឥណ្ឌាក៏ដោយ ការតាំងបង្ហាញយន្តហោះដ៏ទំនើបនេះចំនួន២គ្រឿង ក្នុងព្រឹត្តិការណ៍ Aero India លើកដំបូងបំផុត គឺជាសញ្ញាបង្ហាញភាពសារសំខាន់ផ្នែកយុទ្ធសាស្រ្តកាន់តែធំឡើងៗរបស់ទីក្រុងញូដេលីចំពោះទីក្រុងវ៉ាស៉ីនតោន។
លោក អានហ្កាដ ស៉ីង (Angad Singh) អ្នកវិភាគវិស័យការពារជាតិបានលើកឡើងថា វាហាក់មិនមែនជាការឃោសនាដើម្បីលក់នោះទេ ប៉ុន្តែជាសញ្ញាបង្ហាញពីសារសំខាន់នៃទំនាក់ទំនងការពារជាតិទ្វេភាគី រវាងឥណ្ឌានិងសហរដ្ឋអាមេរិកនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក។ លោក ស៉ីង បានបន្តថា ទោះការលក់អាវុធពុំមែនជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងប្រទេសទាំងពីរក៏ដោយ ឥណ្ឌានិងអាមេរិកនៅមានកិច្ចសហប្រតិបត្តិការរវាងគ្នា ក្នុងកម្រិតយោធា។
គួរបញ្ជាក់ថា នៅមុនការបើកព្រឹត្តិការណ៍ពិព័រណ៍ផ្លូវអាកាសខាងលើ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី បានរាយការណ៍ថា ទីក្រុងមូស្គូបានផ្គត់ផ្គង់សព្វាវុធគិតជាថវិកាសរុបស្មើនឹងខ្ទង់ ១៣ពាន់លានដុល្លារឱ្យឥណ្ឌា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ហើយទីក្រុងញូដេលីក៏បានដាក់ការបញ្ជាទិញទំហំ ១០ពាន់លានដុល្លារទៀតផងដែរ។ ដោយឡែក ក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិកបានអនុម័តការលក់អាវុធ គិតជាទំហំទឹកប្រាក់លើសពី ៦ពាន់លានដុល្លារឱ្យឥណ្ឌា ក្នុងនោះរួមមានយន្តហោះដឹកជញ្ជូន, ឧទ្ធម្ភាគចក្រប្រភេទផ្សេងៗដូចជា អាផាឆេ (Apache), ឈីនូក (Chinook) និង MH-60 ព្រមទាំងមីស៉ីល, ប្រព័ន្ធការពារដែនអាកាស, កាំភ្លើងយន្តបំពាក់លើនាវា និងយន្តហោះល្បាត-ឈ្លបការណ៍ P-8I Poseidon ជាដើម៕