(ឡុងដ៏)៖ បុរសជនជាតិអ៊ុយក្រែនរាប់រយនាក់កំពុងចូលរួមហ្វឹកហាត់ក្នុងសមយុទ្ធយោធា ដែលធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅឯភាគខាងជើងប្រទេសអង់គ្លេស ដោយពួកគេស្ថិតក្នុងចំណោមបុរសជាង ១០,០០០នាក់ ដែលត្រូវបញ្ជូនទៅអង់គ្លេសក្នុងអំលុងពេល១ឆ្នាំកន្លងមកនេះ ដើម្បីបង្វឹកឲ្យក្លាយជាទាហានចូលរួមធ្វើសង្គ្រាមប្រឆាំងរុស្ស៊ី។ នេះបើយោងតាមដកស្រង់ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្រោមការដឹកនាំរបស់កងកម្លាំងមកពីចក្រភពអង់គ្លេស ស៊ុយអែត ដាណឺម៉ាក ហូឡង់ និងន័រវែស ក្នុងចំណោមប្រទេសដទៃទៀត បុរសជនជាតិអ៊ុយក្រែនទាំងនោះ នឹងត្រូវទទួលការបង្រៀន រយៈពេល៥សប្តាហ៍ អំពីច្បាប់នៃជម្លោះប្រដាប់អាវុធ ការធ្វើសង្គ្រាមទីក្រុង និងលេណដ្ឋាន របៀបប្រើប្រាស់អាវុធ និងការព្យាបាលក្នុងសមរភូមិ។ រដ្ឋាភិបាលអង់គ្លេសបានឲ្យដឹងថា ខ្លួនមានគោលបំណងបង្កើនការបង្រៀនឲ្យដល់ចំនួន ២០,០០០នាក់ ក្នុងឆ្នាំ២០២៣នេះ នៅតាមទីតាំងមួយចំនួនទូទាំងប្រទេស។
ថ្មីៗនេះ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក បិន វ៉ាឡេស (Ben Wallace) បាននិយាយថា ចក្រភពអង់គ្លេសកំពុងបណ្តុះបណ្តាលទាហានអ៊ុយក្រែន ឲ្យចេះប្រយុទ្ធតាមបែបលោកខាងលិច និងប្រើប្រាស់គ្រាប់រំសេវតិចជាង វិធីប្រយុទ្ធបែបប្រពៃណីរបស់សូវៀត។ កម្មវិធីនេះក៏រួមបញ្ចូលផងដែរ នូវរបៀបធ្វើសង្គ្រាមក្នុងទីក្រុង ដែលបុរសអ៊ុយក្រែនទាំងនោះត្រូវហ្វឹកហាត់ពីរបៀបប្រយុទ្ធ នៅក្នុងទីតាំងផ្ទះធម្មតា ឬសំណង់ស៊ីវិល ដោយអនុវត្តការបាញ់ប្រហារ។
គួរបញ្ជាក់ថា ខណៈសង្រ្គាមខិតជិតដល់១ឆ្នាំ គោលជំហរក្នុងជម្លោះរវាងរុស្ស៉ីនិងអ៊ុយក្រែន នៅមិនទាន់មានការផ្លាស់ប្តូរនោះទេ។ បើតាម លោក ហ្សេលេនស្គី ការវាយលុកនៅនិទាឃរដូវរបស់រុស្ស៉ីដែលរំពឹងទុក ឥឡូវនេះបានចាប់ផ្តើមរួចហើយ ដោយរុស្ស៉ីកំពុងបន្ថែមការវាយលុកចេញពីទិសដៅជាច្រើន៕