(វ៉ាស៉ីនតោន)៖ សមាជិកសភាជាន់ខ្ពស់មួយក្រុម នៃបក្សសាធារណរដ្ឋរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានទទូចឱ្យប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលមកពីបក្សប្រជាធិបតេយ្យ បញ្ចូលនូវថវិការហូតដល់២ពាន់លានដុល្លារ សម្រាប់ជាជំនួយយោធា​ដល់តៃវ៉ាន់ នៅក្នុងសំណើកញ្ចប់ថវិការដ្ឋាភិបាលរបស់លោក សម្រាប់ឆ្នាំសារពើពន្ធ២០២៤។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក មីឈែល ម៉ាកខូល (Michael McCaul) និងលោក ម៉ៃ រ៉ូចឺ (Mike Rogers) ដែលជាប្រធានគណៈកម្មាធិការកិច្ចការបរទេស និងគណៈកម្មាធិការ​កិច្ចការយោធា នៃសភាតំណាងរាស្រ្តអាមេរិក ព្រមទាំងលោក ជីម រីស (Jim Risch) និងលោក រ៉ូចឺ វិគខឺ (Roger Wicker) ដែលជាសមាជិកជាន់ខ្ពស់នៃ​គណៈកម្មាធិការកិច្ចការបរទេស និងគណៈកម្មាធិការ​កិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក បានដាក់លិខិតមួយច្បាប់ ដែលទទូចឱ្យលោក បៃដិន ដាក់បញ្ចូល​ថវិកា២ពាន់លានដុល្លារ សម្រាប់ផ្តល់ជាជំនួយឥតសំណង នៅក្រោមកម្មវិធីផ្តល់មូលនិធិដើម្បីជួយយោធាបរទេស ហៅកាត់ថា FMF ឱ្យដល់កោះតៃវ៉ាន់ ទៅក្នុងសំណើកញ្ចប់ថវិការបស់រដ្ឋាភិបាលលោក សម្រាប់ឆ្នាំសារពើពន្ធ២០២៤ (រាប់ចាប់ពីដើមខែតុលា ២០២៣ ដល់ចុងខែកញ្ញា ២០២៤)។ លោក បៃដិន ត្រូវគេរំពឹងថា នឹងបញ្ចេញសំណើកញ្ចប់ថវិកាបន្ទាប់របស់លោក នៅក្នុងខែមីនាខាងមុខ។

ក្នុងលិខិតខាងលើ សមាជិកបក្សសាធារណរដ្ឋទាំង៤រូប បានហៅការពង្រឹងសមត្ថភាពយោធារបស់ប្រទេសចិន ក៏ដូចជាឧប្បត្តិហេតុបាឡុងចិនហោះទន្ទ្រាន​ចូលក្នុង​ដែនអាកាសអាមេរិក កាលពីពេលថ្មីៗកន្លងទៅនេះថាជា «ការគំរាមកំហែងធ្ងន់ធ្ងរបំផុត» ចំពោះផលប្រយោជន៍របស់សហរដ្ឋអាមេរិក។ ទន្ទឹមគ្នានោះ ពួកគេបានសង្កត់ធ្ងន់ពីភាពចាំបាច់ ក្នុងការបង្កើនការគាំទ្រដល់តៃវ៉ាន់ ជាដែនកោះដែលត្រូវចិនចាត់ទុកជាផ្នែកនៃទឹកដីរបស់ខ្លួន។

គួរបញ្ជាក់ថា កាលពីចុងឆ្នាំមុន សភាអាមេរិកបានអនុញ្ញាតឱ្យមានការផ្តល់ជំនួយឥតសំណងរហូតដល់ ២ពាន់លានដុល្លារក្នុងមួយឆ្នាំ សម្រាប់រយៈពេលសរុប៥ឆ្នាំ នៅក្រោមកម្មវិធី FMF សម្រាប់តៃវ៉ាន់ នៅពេលដែលខ្លួនបានអនុម័តសេចក្តីព្រាងគោលនយោបាយការពារជាតិ ហៅកាត់ថា NDAA សម្រាប់ឆ្នាំសារពើពន្ធ២០២៣។ ប៉ុន្តែនៅក្នុងសំណើកញ្ចប់ថវិកា របស់រដ្ឋាភិបាលលោក បៃដិន សម្រាប់ឆ្នាំសារពើពន្ធ២០២៣ ដែលត្រូវបានសភាអាមេរិកអនុម័តក្រោយពេលនោះ គឺមានរួមបញ្ចូលថវិកាចំនួន ២ពាន់លានដុល្លារសម្រាប់កោះតៃវ៉ាន់ នៅក្រោមកម្មវិធី FMF ប៉ុន្តែក្នុងទម្រង់ជាកញ្ចីដែលតៃវ៉ាន់ត្រូវសងមកវិញក្នុងរយៈពេល១២ឆ្នាំ មិនមែនជាជំនួយឥតសំណងឡើយ ៕