(មូស្គូ)៖ រុស្ស៊ី នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានឲ្យដឹងថា ខ្លួនកំពុងរៀបចំបណ្ដេញអ្នកការទូតរបស់ប្រទេសអូទ្រីសចំនួន៤រូប ជាចំណាត់ការឆ្លើយតបមួយ បន្ទាប់ពីទីក្រុងវីយែនបានបណ្តេញអ្នកការទូតរុស្ស៊ីចំនួន៤នាក់ដូចគ្នាដែរ ពាក់ព័ន្ធនឹងការធ្វើចារកម្ម។ នេះបើយោងតាមការដកស្រង់ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។
នៅក្នុងសេចក្តីថ្លែងការណ៍មួយក្រសួងការពារជាតិរុស្ស៉ី បញ្ជាក់ថា ទីក្រុងវីយែនបានចាត់វិធានការ «អមត្តិ និងមិនសមហេតុផល» ហើយកំពុងបំផ្លាញគោលជំហរពីមុនរបស់ខ្លួន ដែលជាប្រទេសគួរឲ្យគោរព មិនលំអៀង និងអព្យាក្រឹត។ អូទ្រីស មិនបានបញ្ជាក់លម្អិតពីមូលហេតុដែលត្រូវបណ្ដេញអ្នកការទូត ដែលជាអ្នកតំណាងរបស់រុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិក្នុងទីក្រុងវីយែន និងស្ថានទូតរុស្ស៊ីប្រចាំប្រទេសអូទ្រីសនៅឡើយទេ។
ឆ្លើយតបនឹងចំណាត់ការរបស់រុស្ស៉ីនាពេលនេះ ក្រសួងការបរទេសអូទ្រីស បានគូសបញ្ជាក់ថា «ការបណ្តេញបុគ្គលិកស្ថានទូតអូទ្រីសចេញពីប្រទេសរុស្ស៊ី មិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលនោះទេ។ យើងគ្រាន់តែសោកស្តាយចំពោះការសម្រេចចិត្តមិនសមហេតុផល ដែលខ្វះមូលដ្ឋាននៃការពិត»។
គួរបញ្ជាក់ថា ទីក្រុងវីយែនគឺជាមជ្ឈមណ្ឌលការទូតដ៏សំខាន់មួយ ដើរតួនាទីជាអ្នករៀបចំអង្គការសម្រាប់សន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប (OSCE) និងអង្គការអង្គការសហប្រជាជាតិ (UN) ដូចជាទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ជាដើម។ កាលពីថ្ងៃទី២ ខែកុម្ភៈកន្លងទៅ អូទ្រីសបានអះអាងថាខ្លួនកំពុងបណ្ដេញអ្នកការទូតរុស្ស៊ី ៤នាក់ ពីបទមានអាកប្បកិរិយាមិនស៊ីសង្វាក់គ្នានឹងកិច្ចព្រមព្រៀងអន្តរជាតិ ដែលអាចជាហេតុផលនៅពីក្រោយករណីចារកម្ម ដោយមិនបានបញ្ជាក់មូលហេតុលម្អិត និងទុកពេលមួយសប្តាហ៍ឲ្យពួកគេចាកចេញពីប្រទេសរបស់ខ្លួន។
ប្រទេសអូទ្រីសមានអ្នកការទូតតិចតួចប៉ុណ្ណោះនៅទីក្រុងមូស្គូ ប៉ុន្តែអ្នកការទូតរុស្ស៊ីមានជាង១៤០នាក់ ត្រូវបានចុះបញ្ជីថាកំពុងធ្វើការនៅទីក្រុងវីយែន។ ប្រទេសធំៗដូចជារុស្ស៊ី និងសហរដ្ឋអាមេរិក ជារឿយៗមានឯកអគ្គរដ្ឋទូតដាច់ដោយឡែក ប្រចាំប្រទេសអូទ្រីស អង្គការ OSCE និង UN ដែលស្ថាប័ននីមួយៗដំណើរការតាមរយៈស្ថានទូត ឬបេសកកម្មអចិន្ត្រៃយ៍៕