(តូក្យូ)៖ ទីភ្នាក់ងារអវកាសជប៉ុន ចាសា (JAXA) បានឱ្យដឹងថា ការបាញ់បង្ហោះគ្រាប់រ៉ុក្កែតជំនាន់ថ្មីរបស់ខ្លួន ដើម្បីឡើងទៅកាន់ទីអវកាសនាថ្ងៃសុក្រនេះ គឺបានទទួលបរាជ័យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។
គ្រាប់រ៉ុក្កែត H3 ដែលជារ៉ុក្កែតអវកាសដឹកជញ្ជូនធុនមធ្យមស៊រីថ្មី សម្រាប់ជំនួសរ៉ុក្កែតម៉ូដែល H2A ដែលត្រូវបានប្រើប្រាស់ចាប់តាំងតែពីឆ្នាំ២០០១មក គឺត្រូវបានទីភ្នាក់ងារ JAXA ព្យាយាមបាញ់បង្ហោះកាលវេលាព្រឹកថ្ងៃចន្ទនេះ ចេញពីមជ្ឈមណ្ឌលអវកាស តាណេហ្កាស៉ីម៉ា (Tanegashima) នៅភាគនិរតីនៃប្រទេសជប៉ុន។ ប៉ុន្តែបើតាមអ្នកនាំពាក្យរបស់ JAXA បានប្រាប់ថា ការបាញ់បង្ហោះនោះបានទទួលបរាជ័យ ក្រោយម៉ាស៉ីនប៊ូស្ទឺជំនួយចំនួនពីរ មិនអាចត្រូវបានបញ្ឆេះដោយជោគជ័យ បើទោះបីជាម៉ាស៉ីនស្នូលរបស់គ្រាប់រ៉ុក្កែត ត្រូវបានបញ្ឆេះដោយជោគជ័យក្តី។
វីដេអូដែលផ្សាយពីដំណើរការបាញ់បង្ហោះរ៉ុក្កែត H3 បានបង្ហាញថា រ៉ុក្កែតនោះស្ថិតនៅនឹងថ្កល់មួយកន្លែងដដែល សូម្បីមានផ្សែងពណ៌សហ៊ុយចេញពីម៉ាស៉ីនស្នូលរបស់វាក៏ដោយ។ ទីភ្នាក់ងារ JAXA នឹងបើកការស៉ើបអង្កេតស៉ីជម្រៅពាក់ព័ន្ធបញ្ហានេះ ហើយនឹងកំណត់ពេលវេលាជាថ្មី សម្រាប់ការបង្ហោះវាម្តងទៀត ខណៈកន្លងមកនេះ ការបាញ់បង្ហោះរ៉ុក្កែត H3 ធ្លាប់ត្រូវបានពន្យារពេលប៉ុន្មានលើករួចមកហើយ។
គួរបញ្ជាក់ថា រ៉ុក្កែត H3 ត្រូវបានអភិវឌ្ឍឡើង ដើម្បីដឹកជញ្ជូនផ្កាយរណបរបស់រដ្ឋាភិបាល និងស្ថាប័នស៉ីវិលឡើងទៅកាន់គន្លងអវកាស ក៏ដូចជាដើម្បីនាំយកសម្ភារផ្គត់ផ្គង់ផ្សេងៗ ទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS) ក្នុងតម្លៃមួយដែលមានលក្ខណៈប្រកួតប្រជែងក្នុងទីផ្សារ។ ដោយឡែក កាលពីខែតុលា ឆ្នាំមុន ទីភ្នាក់ងារ JAXA បានបង្ខំចិត្តកម្ទេចរ៉ុក្កែតស៊េរី Epsilon នៅពាក់កណ្តាលទី កំលុងពេលវាកំពុងហោះឆ្ពោះឡើងទៅទីអវកាស។ ហេតុការណ៍នោះ គឺជាបរាជ័យលើកដំបូងបំផុត នៃការបាញ់បង្ហោះរ៉ុក្កែតអវកាសរបស់ប្រទេសជប៉ុន គិតចាប់តាំងពីឆ្នាំ២០០៣មក៕