(សេអ៊ូល)៖ នៅក្នុងសៀវភៅ ស ស្តីពីវិស័យការពារជាតិកូរ៉េខាងត្បូង ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានពណ៌នាកូរ៉េខាងជើងថាជា «សត្រូវ» ជាលើកដំបូងក្នុងរយៈពេល ៦ឆ្នាំ និងបានកត់ត្រាអំពីការកើនឡើងនៃស្តុកអាវុធគីមីរបស់ទីក្រុងព្យុងយ៉ាង។ នេះបើយោងតាមការដកស្រង់ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។

សៀវភៅ ស ឆ្នាំ២០២២ បានកំណត់ឡើងវិញនូវការចាត់ទុកថា របប និងយោធាកូរ៉េខាងជើងជា «សត្រូវរបស់ខ្លួន» ដែលពាក្យនេះត្រូវបានប្រើប្រាស់លើកចុងក្រោយសម្រាប់ការបោះពុម្ពផ្សាយឆ្នាំ២០១៦ ព្រមជាមួយនិងការលើកឡើងពីការអភិវឌ្ឍន៍អាវុធ ការបង្កហេតុតាមអ៉ីនធឺណិត និងសកម្មភាពយោធារបស់កូរ៉េខាងជើង។

ខ្លឹមសារមួយនៃសៀវភៅ ស នេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «នៅពេលដែលកូរ៉េខាងជើង នៅតែបន្តការគំរាមកំហែងផ្នែកយោធាដោយមិនបោះបង់អាវុធនុយក្លេអ៊ែរ នោះរបប និងយោធានៃប្រទេសនេះ គឺជាសត្រូវរបស់យើង។ ដើម្បីពង្រឹងឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន កូរ៉េខាងជើងបានបន្តកែច្នៃយកប្រេងដែលសល់ពីម៉ាស៊ីនរ៉េអាក់ទ័រ និងមានផ្ទុកសារធាតុគីមីប្រហែល៧០គីឡូក្រាម ដោយទម្ងន់នេះគឺបានកើនឡើងជាងការប៉ាន់ស្មានក្នុងរបាយការណ៍មុន»។

គួរបញ្ជាក់ថា បើតាមសៀវភៅ ស ថ្មីនេះ កូរ៉េខាងជើងបានរំលោភលើកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េឆ្នាំ២០១៨ ដែលសំដៅលើសកម្មភាពយោធាចំនួន១៥លើក កាលពីឆ្នាំ២០២២របស់ទីក្រុងព្យុងយ៉ាង រួមទាំងការបំពានដោយយន្តហោះដ្រូន នៅក្នុងខែធ្នូ ការបាញ់កាំភ្លើងធំនៅក្នុងតំបន់ការពារយោធា និងមីស៊ីលដែលបានបាញ់ឆ្លងកាត់ព្រំដែនសមុទ្រ ចូលទៅក្នុងភាគខាងត្បូង នៅក្នុងខែវិច្ឆិកា៕