(មូស្គូ)៖ ស្ថានទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិកបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិកគួរតែព្យាយាមបង្ហាញបញ្ជាក់ថា ខ្លួនមិននៅពីក្រោយការបំផ្លាញបំពង់បង្ហូរឧស្ម័ន Nord Stream ដែលតភ្ជាប់ប្រទេសរុស្ស៊ីជាមួយអឺរ៉ុបខាងលិចនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។
ស្ថានទូតបានយោងទៅលើការបង្ហោះប្លុករបស់អ្នកកាសែត លោក Seymour Hersh ដោយដកស្រង់ប្រភពមិនស្គាល់អត្តសញ្ញាណ ដោយបាននិយាយថា អ្នកមុជទឹករបស់កងទ័ពជើងទឹកអាមេរិក គឺជាអ្នកបំផ្លាញបំពង់បង្ហូរប្រេងដោយគ្រឿងផ្ទុះ តាមបញ្ជារបស់ប្រធានាធិបតី លោក Joe Biden ខណៈសេតវិមានបានបដិសេធការចោទប្រកាន់នេះ ដោយហៅវាថាជារឿងមិនពិត និងពោរពេញដោយការប្រឌិត។
ស្ថានទូតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុងមូស្គូចាត់ទុកការបំផ្លិចបំផ្លាញបំពង់បង្ហូរ Nord Stream 1 និង Nord Stream 2 កាលពីខែកញ្ញាឆ្នាំមុនថា ជា «អំពើភេរវកម្មអន្តរជាតិ» ហើយនឹងមិនអនុញ្ញាតឱ្យវាត្រូវបានបិទបាំងឡើយ។
គួរបញ្ជាក់ថា យោងតាមការស៉ើបអង្កេតរបស់ស៊ុយអែតនិងដាណឺម៉ាក បំពង់ឧស្ម័នខាងលើ បានទទួលរងការបំផ្ទុះដោយចេតនា ប៉ុន្តែមិនបានធ្វើការសន្និដ្ឋានថាតើ អ្នកណាដែលអាចនៅពីក្រោយសកម្មភាពនេះនៅឡើយទេ។ ចំណុចនៃបំពង់ឧស្ម័ន Nord Stream ដែលបានទទួលរងការផ្ទុះ គឺស្ថិតក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់ស៊ុយអែតនិងដាណឺម៉ាក។ សហរដ្ឋអាមេរិកនិងណាតូ បានហៅហេតុការណ៍ផ្ទុះបំពង់ឧស្ម័ននោះថា ជាទង្វើវិច្ឆេទកម្ម ខណៈទីក្រុងមូស្គូបានទម្លាក់កំហុសលើក្រុមខាងលិច។ យ៉ាងណាក្តី ភាគីទាំងសងខាងសុទ្ធតែមិនបានផ្តល់ភស្តុតាងជាក់ស្តែងដូចគ្នា៕