(ប៉េកាំង)៖ ក្រសួងពាណិជ្ជកម្មចិននាថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ក្រសួងបានសម្រេចដាក់ទណ្ឌកម្មថ្មីទៀត ទៅលើក្រុមហ៊ុនអាមេរិកចំនួនពីរ នោះគឺ ឡុកឃីដ ម៉ាទីន (Lockheed Martin) ហើយនិង រេធីអន តិចណូឡូជី (Raytheon Technologies) ជុំវិញការលក់អាវុធឱ្យកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្រសួងពាណិជ្ជកម្មចិនបាននិយាយថា ក្រសួងបានកត់ឈ្មោះក្រុមហ៊ុន ឡុកឃីដ ម៉ាទីន និងក្រុមហ៊ុន រេធីអន តិចណូឡូជី ចូលទៅក្នុង «បញ្ជីនៃអង្គភាពដែលមិនអាចទុកចិត្តបាន» ដែលជាចំណាត់ការទណ្ឌកម្មថ្មីចុងក្រោយបំផុតរបស់ខ្លួន ប្រឆាំងលើក្រុមហ៊ុនផលិតអាវុធទាំងពីររបស់សហរដ្ឋអាមេរិក។ យោងតាមការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្មចិន វិធានការនេះនឹងហាមឃាត់ក្រុមហ៊ុនទាំងពីរ មិនឱ្យអាចធ្វើសកម្មភាពនាំចូលនិងនាំចេញទាំងឡាយណា ដែលពាក់ព័ន្ធជាមួយចិនបានឡើយ។
គួរបញ្ជាក់ថា កន្លងមកចិនបានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុន ឡុកឃីដ ម៉ាទីន និង រេធីអន តិចណូឡូជី កាលពីខែកុម្ភៈ ឆ្នាំ២០២២ ជុំវិញការលក់សព្វាវុធទំហំ១០០លានដុល្លារ របស់ទីក្រុងវ៉ាស៉ីនតោន ឱ្យដល់តៃវ៉ាន់ ជាដែនកោះដែលត្រូវទីក្រុងប៉េកាំងចាត់ទុកត្រឹមជា ផ្នែកនៃទឹកដីរបស់ប្រទេសចិន ខណៈសហរដ្ឋអាមេរិកគឺជាខ្នងបង្អែកធំបំផុតរបស់តៃវ៉ាន់ ជាពិសេសសម្រាប់ការផ្គត់ផ្គង់អាវុធ។ នាពេលនោះ ក្រសួងការបរទេសចិន បាននិយាយថា ការលក់អាវុធរបស់អាមេរិក ប៉ះពាល់ជាខ្លាំងចំពោះផលប្រយោជន៍ផ្នែកសន្តិសុខរបស់ចិន ហើយបំផ្លាញទំនាក់ទំនងចិន-អាមេរិក ក៏ដូចជាសុខសន្តិភាពនិងស្ថិរភាព នៅតំបន់ច្រកសមុទ្រតៃវ៉ាន់៕