(អង់ការ៉ា)៖ ប៉ូលីសតួកគីបាននិយាយថា ពួកគេបានបញ្ជាឲ្យចាប់ខ្លួនមនុស្ស ៧៨នាក់ ដែលត្រូវបានចោទប្រកាន់ពីបទញុះញង់ ឱ្យមានការភ័យខ្លាច និងភ័យស្លន់ស្លោ អំពីការរញ្ជួយដីកាលពីសប្តាហ៍មុន នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយបន្ថែមថា ក្នុងចំណោមពួកគេមាន ២០នាក់កំពុងត្រូវបានឃុំខ្លួនបណ្តោះអាសន្ន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។
អគ្គនាយកដ្ឋានសន្តិសុខរបស់ប្រទេសតួកគីបាននិយាយថា ខ្លួនបានកំណត់អត្តសញ្ញាណមនុស្សចំនួន ៦១៣នាក់ ដែលត្រូវបានចោទប្រកាន់ពីបទបង្កភាពចលាចលក្នុងសង្គម ហើយដំណើរការផ្លូវច្បាប់ត្រូវបានផ្តួចផ្តើមប្រឆាំង នឹងមនុស្ស២៩៣នាក់ ដោយក្នុងចំណោមពួកគេមាន ៧៨នាក់ ត្រូវបានបញ្ជាឲ្យចាប់ខ្លួន។
កាលពីខែតុលាឆ្នាំមុន សភារបស់ប្រទេសតួកគីបានអនុម័តច្បាប់មួយ ដែលអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម អាចជាប់ពន្ធនាគាររហូតដល់ ៣ឆ្នាំ ចំពោះការផ្សាយព័ត៌មានមិនពិត ដែលបង្កឱ្យមានការព្រួយបារម្ភ ក្នុងចំណោមក្រុមអង្គការសិទ្ធិមនុស្ស និងបណ្តាប្រទេសអឺរ៉ុបអំពីសេរីភាពនៃការបញ្ចេញមតិ។
គួរបញ្ជាក់ថា ចំនួនអ្នកស្លាប់នៅក្នុងប្រទេសតួកគី និងស៊ីរី ដែលជាលទ្ធផលនៃគ្រោះរញ្ជួយដីដ៏សាហាវនេះ បានកើនឡើងដល់ជាង ៤១,០០០នាក់ ហើយមនុស្សរាប់លាននាក់កំពុងត្រូវការជំនួយមនុស្សធម៌៕