(យូអិន)៖ អង្គការសហប្រជាជាតិ (UN) នៅថ្ងៃពុធនេះ បានប្រកាសថា ថវិកាចំនួន៥.៦ពាន់លានដុល្លារ គឺត្រូវការចាំបាច់សម្រាប់ការផ្តល់ជំនួយមនុស្សធម៌ នៅអ៊ុយក្រែន ក៏ដូចជាសម្រាប់មនុស្សរាប់លាននាក់ ដែលបានរត់ភៀសខ្លួនចេញពីប្រទេស ដែលរងគ្រោះដោយសារតែសង្រ្គាមមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។
រយៈពេលជិត១ឆ្នាំក្រោយទីក្រុងមូស្គ បើកការឈ្លានពានលើអ៊ុយក្រែន UN បានប៉ាន់ប្រមាណថា ជនជាតិអ៊ុយក្រែនសរុបកើនឡើងដល់ ២១.៨លាននាក់ នាពេលនេះគឺត្រូវការជាចាំបាច់នូវជំនួយមនុស្សធម៌។ លោក ម៉ាទីន គ្រីហ្វហ្វីស (Martin Griffiths) ប្រធានទីភ្នាក់ងារជំនួយមនុស្សធម៌ UN បាននិយាយថា «សង្រ្គាមនៅតែកំពុងបន្តបង្កសេចក្តីស្លាប់ សេចក្តីវិនាសហិនហោច និងការរត់ភៀសខ្លួនជារៀងរាល់ថ្ងៃ។ យើងត្រូវប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីទៅដល់សហគមន៍លំបាកៗបំផុត រួមទាំងសហគមន៍ដែលនៅកៀកនឹងសមរភូមិជួរមុខ។ ការរងទុក្ខវេទនារបស់ប្រជាជនអ៊ុយក្រែន គឺនៅវែងឆ្ងាយទៀត ហើយពួកគេនៅតែបន្តត្រូវការការគាំទ្រពីអន្តរជាតិ»។
គួរបញ្ជាក់ថា បើតាម UN តម្រូវការគឺធំធេងខ្លាំងណាស់ ដែលអង្គការផ្តល់ជំនួយគឺមិនអាចទៅដល់មនុស្សគ្រប់គ្នាតែម្តងបានឡើយ ប៉ុន្តែថវិកាស្នើសុំចំនួន ៥.៦ពាន់លានដុល្លារខាងលើ នឹងអនុញ្ញាតឱ្យ UN អាចនាំយកទៅដល់ប្រជាជន១៥.៣លាននាក់ ដែលស្ថិតក្នុងស្ថានភាពត្រូវការជំនួយបន្ទាន់ខ្លាំងបំផុត នៅក្នុងឆ្នាំនេះ។ UN បានបន្តទៀតថា ថវិកា១.៧ពាន់លានដុល្លារក្នុងចំណោមនោះ គឺត្រូវការសម្រាប់ការគាំទ្រដល់ជនភៀសខ្លួនអ៊ុយក្រែនជាង ៤លាននាក់ ដែលកំពុងជ្រកកោននៅពាសពេញតំបន់អឺរ៉ុបខាងកើត ជាពិសេសគឺប៉ូឡូញ៕