(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក តាយីព អឺដូហ្កាន់ (Tayyip Erdogan) បានប្តេជ្ញាថានឹងបន្តកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងស្តារឡើងវិញ ជាងមួយសប្តាហ៍ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏សាហាវ បានវាយលុកប្រទេសរបស់លោក និងប្រទេសស៉ីរី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣

បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដែលធ្វើឡើងនៅឯ ទីស្នាក់ការកណ្តាលនៃអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រាអាសន្ន (AFAD) កាលពីល្ងាចថ្ងៃអង្គារសប្តាហ៍នេះ លោក អឺដូហ្កាន់ បានគូសបញ្ជាក់ថា «យើងនឹងបន្តការងាររបស់យើងរហូតដល់រកឃើញពលរដ្ឋចុងក្រោយ ដែលនៅសល់ក្រោមអគារដែលដួលរលំ។ ការវាយតម្លៃលើទំហំខូចខាតនៃអគាររាប់ម៉ឺនខ្នង នឹងត្រូវបញ្ចប់ក្នុងរយៈពេលមួយសប្តាហ៍ ហើយការសាងសង់ឡើងវិញនឹងចាប់ផ្តើមក្នុងរយៈពេលប៉ុន្មានខែ។ យើងនឹងសាងសង់ផ្ទះកន្លែងធ្វើការទាំងអស់ឡើងវិញ និងអគារដែលគ្មានរស់នៅឬរងនូវការបំផ្លាញដោយការរញ្ជួដី រួចប្រគល់ឲ្យម្ចាស់ដើមវិញ»

លោក អឺដូហ្កាន់ បានឲ្យដឹងថា មនុស្សជាង ២.២លាននាក់ បានចាកចេញពីតំបន់ដែលរងគ្រោះខ្លាំងជាងគេរួចហើយ ហើយអគាររាប់រយរាប់ពាន់ខ្នងបានក្លាយទៅជាទីដែលគ្មានមនុស្សរស់នៅ។ បើតាមអង្គការសហប្រជាជាតិ ដំណាក់កាលជួយសង្គ្រោះកំពុងផ្តោតទៅលើទីជម្រក អាហារ និង សាលារៀន ។

គួរបញ្ជាក់ថា ក្រុមសង្រ្គោះទើបនឹងបានទាញយកស្ត្រីចំណាស់ម្នាក់ចេញពីគំនរបាក់បែក។ រហូតមកដល់ពេលនេះចំនួនអ្នកស្លាប់ទាំងនៅតួកគី និងស៉ីរី បានកើនឡើងលើសពី ៤១,០០០នាក់ហើយ ។ មនុស្សជាង ១០៥,០០០នាក់ បានរងរបួសនៅក្នុងការរញ្ជួយដីនេះ ហើយជាង ១៣,០០០នាក់ទៀត កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ។ ចំណែក អ្នករស់រានមានជីវិតជាច្រើនកំពុងស៊ូទ្រាំនឹងសីតុណ្ហភាពដ៏ត្រជាក់ក្នុងរដូវរងា ដោយសារតែផ្ទះសម្បែងរបស់ពួកគេរងនូវការបំផ្លិចបំផ្លាញ៕