(វ៉ាស៊ីនតោន)៖ ខណៈសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន នឹងឈានចូលគម្រប់ខួបមួយឆ្នាំ នៅថ្ងៃទី២៤ ខែកុម្ភៈខាងមុខនេះ ក្រុមអ្នកវិភាគស្ថានការណ៍សង្រ្គាម បាន និងកំពុងសម្លឹងមើលមិនដាក់ភ្នែកលើសមរភូមិក្នុងទីក្រុងបាកមូត (Bakhmut)។ បាកមូតគឺជាទីក្រុងដ៏តូចមួយនៅក្នុងតំបន់ដូណេត ហើយក៏ជាសមរភូមិប្រយុទ្ធយ៉ាង បង្ហូរឈាមជាងគេបំផុតនៅក្នុងសង្រ្គាមសព្វថ្ងៃផងដែរ។ ការវាយប្រយុទ្ធគ្នាក្នុងទីក្រុងបាកមូត អស់រយៈពេលរាប់ខែមកនេះ បានធ្វើឱ្យទាហានរុស្ស៉ី និងអ៊ុយក្រែនរងរបួស និងស្លាប់រាប់រយនាក់ នៅក្នុងមួយថ្ងៃៗ។
សង្រ្គាមនៅបាកមូត បានធ្វើឱ្យរុស្ស៉ី និងអ៊ុយក្រែនបាត់បង់ទាំងកងទ័ព និងសព្វាវុធយ៉ាងសម្បើម ក៏ប៉ុន្តែគួរឱ្យកត់សម្គាល់ នោះគឺរុស្ស៉ីកាន់តែបង្កើនចំនួនកងទ័ព និងបញ្ជូន អាវុធបន្ថែម ក្នុងគោលបំណងធ្វើយ៉ាងណាត្រូវតែវាយកាន់កាប់ទីក្រុងមួយនេះឱ្យបានដាច់។ នៅមុនសង្រ្គាមផ្ទុះឡើង បាកមូតជាទីក្រុងតូចមួយនៅក្នុងតំបន់ដូណេត សម្បូរ ទៅដោយរ៉ែអំបិល លោហៈ និងរោងចក្រផលិតស្រា ព្រមទាំងមានប្រជាជនរស់នៅជាង ៧០,០០០នាក់។ ឈ្មោះរបស់ទីក្រុងបាកមូត គឺយកតាមឈ្មោះទន្លេ Bakhmutovka តែឈ្មោះនេះត្រូវបានប្ដូរទៅជា Artyomovsk ក្នុងសម័យសូវៀត ហើយរហូតដល់ឆ្នាំ២០១៦ ទើបវាត្រូវបានប្ដូរទៅជាឈ្មោះដើមវិញ។ សម្រាប់ប្រជាជន ទីក្រុងបាកមូត សង្រ្គាមមិនមែនទើបតែផ្ទុះឡើងកាលពីឆ្នាំ២០២២នោះទេ តែសង្រ្គាមបានផ្ទុះឡើងតាំងតែពីឆ្នាំ២០១៤មកម្ល៉េះ ជាពេលផ្ទុះការវាយប្រយុទ្ធគ្នារវាងអ៊ុយក្រែន និងក្រុមឧទ្ទាមផ្ដាច់ខ្លួនគាំទ្រដោយរុស្ស៉ី នៅក្នុងតំបន់ដុនបាស់។ មកទល់នឹងសព្វថ្ងៃ ប្រជាជនធ្លាប់រស់នៅទីក្រុងបាកមូត មុនសង្រ្គាមឈ្លានពានរបស់រុស្ស៉ីផ្ទុះឡើង មានត្រឹមតែ ១ភាគរយប៉ុណ្ណោះ កំពុងរស់នៅក្នុងទីក្រុងនេះ ដោយគ្មានអគ្គិសនី និងទឹកប្រើប្រាស់គ្រប់គ្រាន់។
* ហេតុអ្វី រុស្ស៉ីប្ដូរផ្ដាច់ត្រូវតែវាយយកបាកមូតឱ្យបាន?
ជាលក្ខណៈយុទ្ធសាស្ត្រ ប្រសិនរុស្ស៉ីចង់វាយគ្រប់គ្រងតំបន់ដូណេត និងលូហាន នៅនិទាឃរដូវខាងមុខ នោះការវាយកាន់កាប់ទីក្រុងបាកមូតអាចនឹងក្លាយជា ការបោះជំហានមួយដ៏សំខាន់ សម្រាប់យុទ្ធសាស្ត្រសង្រ្គាមនៅក្នុងតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។ ទីក្រុងបាកមូត ប្រៀបបានដូចជាមជ្ឈមណ្ឌលដឹកជញ្ជូន ដោយ មានផ្លូវផ្គត់ផ្គង់ជាច្រើន ហើយរុស្ស៉ីក៏អាចប្រើវាជាជាមូលដ្ឋានមួយដើម្បីបើកការវាយលុកទ្រង់ទ្រាយធំលើទីក្រុងដទៃទៀតដែលអ៊ុយក្រែនកំពុងគ្រប់គ្រងផងដែរ តួយ៉ាង ដូចជាទីក្រុងស្លូវីយ៉ាន់ស្កិ៍ (Sloviansk) និងទីក្រុង ក្រាម៉ាទ័សស្កិ៍ (Kramatorsk) ក៏ដូចជាការផ្ដាច់ខ្សែចង្វាក់ផ្គត់ផ្គង់របស់អ៊ុយក្រែនក្នុងតំបន់ដូណេត។
បើតាមលោក Michael Kofman ជានាយកផ្នែកសិក្សាពីរុស្ស៉ីមកពីមជ្ឈមណ្ឌល Center for Naval Analyses មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ទីក្រុងបាកមូត គឺជាច្រកចូលទៅកាន់ទីក្រុង ស្លូវីយ៉ាន់ស្កិ៍ (Sloviansk) និងទីក្រុង ក្រាម៉ាទ័សស្កិ៍ (Kramatorsk) ដែលទីក្រុងទាំង២នេះស្ថិតនៅក្រោមការបាញ់ស្រោចមីស៊ីលពីរុស្ស៉ី កាលពីពេលថ្មីៗនេះ។ ម្យ៉ាងវិញទៀត ជ័យជម្នះនៅបាកមូត ជារឿងចាំបាច់បំផុតមួយ ពីព្រោះថាវានឹងក្លាយជាការជំរុញលើកទឹកចិត្តដល់ទាហានរុស្ស៉ី ក្រោយមិនទាន់អាច សម្រេចបានជោគជ័យអ្វីជាដុំកំភួនសោះក្នុងរយៈពេលជាច្រើនខែមកនេះ។ លើសនេះពីទៅទៀត និយាយពីមុខមាត់ខាងយោធាវិញសម្រាប់វិមានក្រឹមឡាំង និងលោក ពូទីន ព្រមទាំងថ្នាក់ដឹកនាំយោធារុស្ស៉ីកាន់តែសំខាន់ជាងនេះទៅទៀត ដ្បិតថារុស្ស៉ីបានធ្វើសង្រ្គាមនៅបាកមូតអស់រាប់ខែមកហើយ និងចំណាយក៏ច្រើនដែរ ដូច្នេះបើ មិនអាចទទួលបានជ័យជម្នះយកទៅអួតប្រាប់ប្រជាជនរុស្ស៉ី និងឥស្សរជនជាន់ខ្ពស់របស់ខ្លួនទេ តើយកមុខទៅទុកឯណា?
* តើអង្គភាពរុស្ស៉ីណាដែលកំពុងដឹកនាំសង្រ្គាមនៅបាកមូត?
សង្រ្គាមនៅក្នុងទីក្រុងបាកមូត ធ្វើឡើងក្រោមការដឹកនាំរបស់ក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៉ី Wagner និងមានការគាំទ្រពីកងអង្គភាពកំាភ្លើងធំ និងកងទ័ពអាកាសរុស្ស៉ី។ បើតាមក្រសួងការពារជាតិអង់គ្លេស ទាហានសីឈ្នួលរបស់ក្រុមហ៊ុន Wagner មានប្រហែលជា ៥០,០០០នាក់ត្រូវបានដាក់ពង្រាយក្នុងសង្រ្គាមនៅអ៊ុយក្រែន ហើយសមាជិកទាហានទាំងនេះភាគច្រើនត្រូវបានជ្រើសរើសនៅក្នុងចំណោមអ្នកទោសមានទោសឧក្រិដ្ឋធ្ងន់ៗ នៅតាមពន្ធនាគារក្នុងប្រទេសរុស្ស៉ី។ ទាហានស៊ីឈ្នួលរុស្ស៉ី Wagner កាលពីប៉ុន្មានខែមុនបានប្រកាសពីការវាយកាប់កាប់បានទីក្រុង Soledar ស្ថិតនៅចម្ងាយត្រឹមតែជាង ១៤គីឡូម៉ែត្រប៉ុណ្ណោះពីភាគខាងជើងទីក្រុងបាកមូត។
* តើ Wagner នឹងទទួលបានផលអ្វី បើដណ្ដើមបាកមូត?
យោធារុស្ស៉ីនៅក្រោមការដឹកនាំរបស់ក្រសួងការពារជាតិ បានរងសម្ពាធ និងការរិះគន់ជាច្រើនចំពោះបរាជ័យនៅក្នុងសង្រ្គាមអ៊ុយក្រែននាពេលកន្លងមក ខណៈជ័យជម្នះ របស់ទាហានស៊ីឈ្នួលរុស្ស៉ី Wagner នៅទីក្រុង Soledar បានលើកមុខមាត់ក្រុមហ៊ុនទាហានស៊ីឈ្នួលយ៉ាងខ្លាំង។ លោក Mark Galeotti ជាអ្នកជំនាញម្នាក់ស្ដីពី សន្តិសុខរុស្ស៉ី មកពីសាកលវិទ្យាល័យ University College London បានលើកឡើងថាប្រសិនបើទីក្រុងបាកមូត ពិតជាធ្លាក់ទៅក្នុងដៃទាហានរុស្ស៉ីមែន នោះវានឹងក្លាយ ជាជ័យជម្នះជានិមិត្តរូបនយោបាយដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន Wagner ជាពិសេសគឺ ប្រធានក្រុមហ៊ុននេះលោក យ៉េវហ្កេនី ព្រីហ្គូស៊ីន (Yevgeny Prigozhin) តែម្ដង។ ពោលគឺលើកមុខមាត់ និងកតិ្តយសរបស់លោកនៅក្នុងប្រទេសរុស្ស៉ី។
គួរបញ្ជាក់ថា អ៊ុយក្រែន និងអគ្គលេខាធិការអង្គការ NATO បានអះអាងថាការវាយលុកទ្រង់ទ្រាយធំសាជាថ្មីរបស់រុស្ស៉ី បានចាប់ផ្ដើមហើយនៅក្នុងតំបន់ភាគខាងកើត នៃប្រទេសអ៊ុយក្រែន ហើយក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner វិញ ក៏បាននិងកំពុងសម្រេចបានភាពរីកចម្រើនទៅមុខដោយសន្សឹមៗដែរ។ ចំណែកឯ កងកម្លាំង អ៊ុយក្រែនកំពុងតស៊ូប្រយុទ្ធ និងវាយបកទៅលើការវាយលុកពីទាហានរុស្ស៉ី ដោយលោក ហ្សេលេនស្គីក៏បានទទួលស្គាល់ដែរពីស្ថានភាពដ៏លំបាកនៅក្បែរទីក្រុងបាកមូត អមជាមួយការអំពាវនាវឱ្យលោកខាងលិចបញ្ជូនអាវុធមកបន្ថែម។ លោក ហ្សេលេនស្គី បានពិព័ណ៌នាថាសមរភូមិនៅបាកមូត វាប្រៀបបានដូចជាសង្រ្គាមលេណដ្ឋាន នាសម័យសង្រ្គាមលោកលើកទី១៕