(មូស្គូ)៖ លោក វ្ល៉ាឌីមៀ ឌ្រូសហ្សូវ (Vladimir Drozhzhov) នាយករងនៃសេវាកម្មសហព័ន្ធរុស្ស៊ីទទួលបន្ទុកកិច្ចការបច្ចេកទេសយោធា (FSVTS) បាននិយាយនៅថ្ងៃអង្គារនេះថា ទីក្រុងមូស្គូបានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់បច្ចេកវិទ្យាថ្មីៗ សម្រាប់ប្រទេសឥណ្ឌាដើម្បីផលិតរថក្រោះជំនាន់ថ្មី តាមរយៈការចែករំលែកមូលដ្ឋានបច្ចេកវិទ្យា Armata។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក ឌ្រូសហ្សូវ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន RIA Novosti នៅឯពិព័រណ៍យន្តហោះ Aero India 2023 នៅទីក្រុងបាងហ្គាល័រ (Bangalore) យ៉ាងដូច្នេះថា «ភាគីរុស្ស៊ីគ្រោងនឹងចូលរួមក្នុងការអភិវឌ្ឍន៍រួមគ្នានៃរថក្រោះប្រយុទ្ធដ៏សំខាន់របស់ឥណ្ឌា ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើបរបស់រុស្ស៊ី»

ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា បានរាយការណ៍ថា ទីក្រុងញូដេលីកំពុងស្វែងរកការទិញរថក្រោះថ្មី ក្រោមគម្រោង Future Ready Combat Vehicle របស់ខ្លួន ដើម្បីជំនួសកងនាវាចាស់នៃរថក្រោះ T-72 ដែលបង្កើតដោយសូវៀត។ កន្លងមក ទីក្រុងមូស្គូ និងញូដែលី ធ្លាប់ធ្វើការរួមគ្នាដើម្បីរចនាមីស៊ីលល្បឿនលឿន ជាងសំឡេងខ្នាតមធ្យម ឈ្មោះ ប្រាម៉ូស (BrahMos) រួចមកហើយ។

គួរបញ្ជាក់ថា បច្ចេកវិទ្យា Armata ត្រូវប្រើជាមូលដ្ឋានសម្រាប់រថក្រោះធុនធ្ងន់ T-14 របស់រុស្ស៊ី និងរថពាសដែកប្រយុទ្ធសម្រាប់ដឹកកងទ័ព T-15។ រថក្រោះ និងរថពាសដែក ដែលប្រើមូលដ្ឋានបច្ចេកវិទ្យា Armata ត្រូវបានបង្ហាញជាសាធារណៈលើកដំបូង នៅក្នុងឆ្នាំ២០១៥។ តាមរបាយការណ៍ជាច្រើន រថក្រោះនេះត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការយោធារបស់រុស្ស៊ី នៅអ៊ុយក្រែន។ បច្ចេកវិទ្យា Armata នេះ ក៏អាចប្រើសម្រាប់បរិក្ខារយោធាធុនធ្ងន់ដទៃទៀត ដូចជាប្រព័ន្ធកាំភ្លើងធ្វើហោវីតសឺ ដែលចល័តដោយខ្លួន​ឯងផងដែរ៕