(ប៉េកាំង)៖ «ខ្ញុំរីករាយណាស់ដែលបានសម្រេចបាននូវ «ការណាត់រយៈពេល៣ឆ្នាំ» ជាមួយលោក ហើយរួមគ្នាបើកដំណើរការយុគសម័យថ្មីដែលកសាង សហគមន៍រួមវាសនាចិននិងកម្ពុជាក្នុងរដូវផ្ការីក»។ ថ្ងៃទី១០ខែកុម្ភៈ លោកXiJinpingប្រធានរដ្ឋចិនបានមានប្រសាស៍ដូចពោលខាងលើ នៅពេលជួបពិភាក្សាការងារជាមួយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅសណ្ឋាគាររដ្ឋ Diaoyutai។

កាលពីបីឆ្នាំមុន ការរាតត្បាតនៃជំងឺកូវីដ១៩ បានផ្ទុះឡើងនៅទីក្រុង Wuhan ប្រទេសចិន នៅពេលដែលអាមេរិកនិងប្រទេសលោកខាងលិច ចោទប្រកាន់និងមួលបង្កាច់ប្រទេសចិនឥតឈប់ឈរ សម្តេចហ៊ុនសែនដែលទើបតែបញ្ចប់សន្និសីទអន្តរជាតិ នៅបរទេសបានកែប្រែដំណើរភ្លាមៗ ហើយដឹកនាំគណៈប្រតិភូទៅកាន់ទីក្រុងប៉េកាំង នៅរសៀលថ្ងៃទី៥ខែកុម្ភៈ។ ដំណើរទស្សនកិច្ចពិសេសនាពេលដ៏ពិសេសបែបនេះ បានបង្ហាញពីការគាំទ្រដ៏ខ្លាំងក្លារបស់រដ្ឋាភិបាលនិងប្រជាជនកម្ពុជា ក្នុងឋានៈជា «មិត្តដែកថែប» ចំពោះរដ្ឋាភិបាលនិងប្រជាជនចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

បីឆ្នាំក្រោយមក ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១១ ខែកុម្ភៈ តបតាមការអញ្ជើញរបស់ភាគីចិន សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមកបំពេញទស្សនកិច្ចផ្លូវការជាម្តងទៀតនៅប្រទេសចិន សម្តេចបានក្លាយជាមេដឹកនាំបរទេសដំបូងដែលបំពេញទស្សនកិច្ច នៅប្រទេសចិនបន្ទាប់ពីបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំ២០២៣ ការនេះបានបង្ហាញយ៉ាងពេញលេញនូវមិត្តភាព «ដែកថែប» ដ៏ជិតស្និទ្ធរវាងចិននិងកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចលើកនេះ លោក Xi Jinping ប្រធានរដ្ឋចិននិងសម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្លាស់ប្តូរមតិយ៉ាងស៊ីជម្រៅលើ ការកសាងសហគមន៍រួមវាសនាចិននិងកម្ពុជាក្នុងយុគសម័យថ្មី ព្រមនឹងបញ្ហាអន្តរជាតិនិងតំបន់ដែលយកចិត្តទុកដាក់ដូចគ្នា ដោយបានចង្អុលបង្ហាញទិសដៅយ៉ាងច្បាស់លាស់ សម្រាប់អនាគតនៃការអភិវឌ្ឍទំនាក់ទំនងចិននិងកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរបានឯកភាពធ្វើកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ចំនួនប្រាំមួយ ពោលគឺ នយោបាយ សមត្ថភាពផលិតកម្ម កសិកម្ម ថាមពល សន្តិសុខនិងមនុស្សធម៌ ដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» រវាងចិននិងកម្ពុជា។ លើសពីនេះទៅទៀត ភាគីទាំងពីរក៏បានឯកភាពគាំទ្រគ្នាទៅវិញទៅមកលើ បញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមកផងដែរ។

និយាយអំពីដំណើរទស្សនកិច្ចនៅប្រទេសចិនលើកនេះ សម្តេចហ៊ុនសែនមានប្រសាសន៍ថា មិនថាជាដំណើរទស្សនកិច្ចកាលពីបីឆ្នាំមុន ឬដំណើរទស្សនកិច្ចលើកនេះក៏ដោយ សម្តេចសុទ្ធតែសង្ឃឹមថានឹងបង្ហាញសារយ៉ាងច្បាស់ថា ប្រជាជនកម្ពុជានឹងឈរជាមួយប្រជាជនចិនយ៉ាងរឹងមាំ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់មេដឹកនាំនៃប្រទេសទាំងពីរ ទំនាក់ទំនងចិននិងកម្ពុជា បានឈានដល់កម្រិតខ្ពស់ថ្មីជាបន្តបន្ទាប់ ហើយការកសាងសហគមន៍រួមវាសនារវាងចិននិងកម្ពុជា ទទួលបាននូវសមិទ្ធផលជាផ្លែផ្កាដែលបាននាំមក នូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជនប្រទេសទាំងពីរ ក៏ដូចជារួមចំណែកដល់សន្តិភាពនិងវិបុលភាពនៃតំបន់និងពិភពលោកផងដែរ។

ចាប់តាំងពីប្រទេសទាំងពីរបានចុះហត្ថលេខាលើ «ផែនការប្រតិបត្តិអំពីការកសាងសហគមន៍រួមវាសនាចិននិងកម្ពុជា» នៅខែមេសា ឆ្នាំ២០១៩មក កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ បានទទួលការរីកចម្រើនដ៏សំខាន់ជាបន្តបន្ទាប់។ ចាប់តាំងពី «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិននិងកម្ពុជា» ចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២មក រហូតដល់ចុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីមានដល់ជាង ១៦ពាន់លានដុល្លារអាមេរិក។

ក្នុង «កន្ត្រកបន្លែ» របស់ប្រជាជនចិនបានលេចចេញមានកសិផលដូចជាផ្លែមៀន និងពោតរបស់កម្ពុជាដែលមានគុណភាពខ្ពស់កាន់តែច្រើនឡើងៗ។ ផ្លូវល្បឿនលឿនពីក្រុងភ្នំពេញទៅក្រុងព្រះសីហនុ ដែលវិនិយោគនិងសាងសង់ដោយសហគ្រាសចិន បាននាំឱ្យប្រទេសកម្ពុជាចូលទៅក្នុង «យុគសម័យផ្លូវល្បឿនលឿន» ដែលមិនត្រឹមតែផ្តល់ភាពងាយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃតំបន់ជុំវិញក្រុងព្រះសីហនុផងដែរ។ ក្រៅពីនេះ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ក្រុមហ៊ុនចិនបានសាងសង់ផ្លូវប្រវែង៤ពាន់គីឡូម៉ែត្រ និងបានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គចំនួន៨ខ្សែ នៅប្រទេសកម្ពុជាដែលបានជំរុញការអភិវឌ្ឍ ប្រកបដោយនិរន្តរភាពនិងការស្តារជនបទឡើងវិញរបស់កម្ពុជា ហើយបានធ្វើឱ្យចំណងមិត្តភាពរវាងចិននិងកម្ពុជាកាន់តែចាក់ឫស យ៉ាងជ្រៅនៅក្នុងក្រអៅបេះដូងរបស់ប្រជាជនផងដែរ។

ប្រទេសចិននិងកម្ពុជាគឺជាអ្នកជិតខាងល្អ និងជាដៃគូដ៏ល្អ។ ដំណើរទស្សនកិច្ចរបស់សម្តេចហ៊ុនសែនមកកាន់ប្រទេសចិនលើកនេះ គឺចំពេលគម្រប់ខួប៦៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជា និងចំពេល «ឆ្នាំមិត្តភាពចិននិងកម្ពុជា»។ ប្រឈមមុខនឹងការប្រែប្រួលនៃពិភពលោក ការប្រែប្រួលនៃយុគសម័យ និងការប្រែប្រួលនៃប្រវត្តិសាស្ត្រនាពេលបច្ចុប្បន្ន ទំនាក់ទំនងចិននិងកម្ពុជាកាន់តែមានសារៈសំខាន់ជាយុទ្ធសាស្ត្រ។

ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីគាបសង្កត់និងទប់ស្កាត់ប្រទេសចិន ប្រទេសអាមេរិកនិងបណ្តាប្រទេសលោកខាងលិច បានដាក់សម្ពាធម្តងហើយម្តងទៀតទៅលើបណ្តាប្រទេសអាស៊ានក្នុងឆាកអន្តរជាតិ ដូចជាកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងកិច្ចប្រជុំកំពូលអាស៊ានជាដើម។ ចំពោះការនេះ បណ្តាប្រទេសអាស៊ានដូចជាកម្ពុជានិងឥណ្ឌូណេស៊ីជាដើម បាននាំគ្នាបង្ហាញពីបំណងចង់ពង្រឹង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងមិនចង់ «ជ្រើសរើសឈរទៅខាងភាគីណាមួយ» ឡើយ។
ប្រឈមមុខនឹងការចោទជាមន្ទិលសង្ស័យនិងការចោទប្រកាន់ ពីបណ្តាប្រទេសលោកខាងលិចមួយចំនួនលើទំនាក់ទំនងចិននិងកម្ពុជា សម្តាចហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់លាស់ជាច្រើនដងថា «បើមិនឱ្យខ្ញុំពឹងចិន ឱ្យខ្ញុំទៅពឹងអ្នកណា? បើកុំមានចិនជួយ តើប្រទេសអ្នកអាចជួយស្ពានហ្នឹងបានទេ?»។ ត្រឹមមុនពេលសម្តេចហ៊ុនសែនចេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនលើកនេះ ភាគីកម្ពុជាក៏បានស្តីបន្ទោសប្រព័ន្ធផ្សព្វផ្សាយអាមេរិកដែលយក «អន្ទាក់បំណុល» មកមួលបង្កាច់លើទំនាក់ទំនងប្រក្រតីរវាងចិននិងកម្ពុជាដែរ។

ប្រទេសចិនកំពុងជំរុញការអភិវឌ្ឍប្រទេសជិតខាង តាមរយៈអត្ថប្រយោជន៍នៃការអភិវឌ្ឍរបស់ខ្លួន ហើយបានរួមចំណែកយ៉ាងសកម្មដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ ផ្ទុយទៅវិញ ប្រទេសអាមេរិកនិងបណ្តាប្រទេសលោកខាងលិច ក្រៅពីពាក្យសន្យាតាមតែមាត់ សម្បីតែកិច្ចសហប្រតិបត្តិការនិងជំនួយសេដ្ឋកិច្ចយ៉ាងតិចតួចគួរឱ្យអាណិតនោះ ក៏បានភ្ជាប់លក្ខខណ្ឌនយោបាយជាច្រើនផងដែរ ដែលបាននាំមកនូវកត្តាអស្ថិរភាពដល់តំបន់។

ចំពោះការនេះ សម្តេចហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍នៅពេលផ្តល់បទសម្ភាសន៍ ជាមួយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនថា «គេតែងតែគំរាមយើង ដាក់ទណ្ឌកម្មយើង។ ខ្ញុំគិតថាមិត្តចិននឹងមិនធ្វើសកម្មភាពបែបនេះ ចំពោះយើងនោះទេ។ ដូច្នេះហើយ បានជាខ្ញុំមិនខ្លាចជាមួយនឹងការគាបសង្កត់ណាទាំងអស់ ហើយខ្ញុំបានប្រកាសថាខ្ញុំមិនយកឯករាជ្យ អធិបតេយ្យភាពរបស់ខ្ញុំ ទៅដោះដូរជាមួយនឹងជំនួយ ឬភាពអនុគ្រោះណាទាំងអស់»

ស្ថានភាពអន្តរជាតិនាពេលបច្ចុប្បន្ននេះកំពុងប្រែប្រួលយ៉ាងឆាប់រហ័ស ហើយបរិយាកាសសន្តិសុខនិងការអភិវឌ្ឍជាតិ មានភាពស្មុគស្មាញនិងការប្រែប្រួលជាច្រើន។ សម្រាប់ប្រជាជនចិននិងកម្ពុជា ដែលសុទ្ធតែធ្លាប់ឆ្លងកាត់ការឈឺចាប់នៃសង្រ្គាម «សន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍ» គឺជាអ្វីដែលភាគីទាំងពីរត្រូវការបំផុត។ ដូចដែលសម្តេចហ៊ុន សែន មានប្រសាសន៍ថា «នៅក្នុងកាលៈទេសៈដែលពិភពលោក កំពុងបែកបាក់និងកំពុងតែផ្លាស់ប្ដូរដ៏ជ្រាលជ្រៅ សណ្ដាប់ធ្នាប់ពិភពលោកត្រូវបានបំពាននិងបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ គោលដៅធំបំផុតរបស់យើង គឺលើកស្ទួយជីវភាពប្រជាជន មិនមែនត្រៀមបំរុងការវាយប្រហារទៅលើគ្នាទេ»។ ព្រមពេលជាមួយគ្នានេះ សម្តេចហ៊ុន សែន ក៏បានមានប្រសាស៍ទៀតថា ប្រសិនបើគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងគំនិតផ្តួចផ្តើមសន្តិសុខសកលដែលលើកឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិនត្រូវបានទទួលយក យ៉ាងទូលំទូលាយ នោះពិភពលោកនឹងក្លាយទៅជាសហគមន៍ ដែលរួមរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា វិបុលភាពរួមនិងអនាគតដ៏ភ្លឺស្វាង៕

វិទ្យុមិត្តភាពកម្ពុជាចិន