(ញូដេលី)៖ ថ្នាក់ដឹកនាំក្រុមហ៊ុន HAL របស់រដ្ឋាភិបាលឥណ្ឌា បានបង្ហើបឱ្យដឹងនៅថ្ងៃអង្គារនេះថា ក្រុមហ៊ុនកំពុងស្ថិតក្នុងដំណើរការចរចាគ្នាជាមួយ ប្រទេសយ៉ាងហោចចំនួន៤ ដើម្បីលក់យន្តហោះចម្បាំងធុនស្រាលរបស់ខ្លួន ស្របពេលដែលប្រទេសឥណ្ឌា កំពុងព្យាយាមបង្កើនការនាំចេញផលិតផលវិស័យការពារជាតិ ឱ្យធំជាងបច្ចុប្បន្នលើស៣ដង ក្នុងរយៈពេល២ឆ្នាំខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។
លោក អាណានគ្រីសណាន (Ananthkrishnan) ប្រមុខចាត់ចែងទូទៅរបស់ក្រុមហ៊ុន HAL បានប្រាប់ក្រុមអ្នកសារព័ត៌មាន កំលុងព្រឹត្តិការណ៍ Aero India 2023 ដែលជាពិព័រណ៍ផ្លូវអាកាសធំបំផុតរបស់ប្រទេសឥណ្ឌាថា ម៉ាឡេស៉ីបានដាក់យន្តហោះចម្បាំង ថេចាស (Tejas) របស់ក្រុមហ៊ុន HAL ទៅក្នុងជម្រើសសម្រាប់ការបញ្ជាទិញ ចំនួនពី១០-២០គ្រឿង រីឯអាហ្សង់ទីន អេហ្ស៉ីប និងបុតស្វាណា ក៏បានបង្ហាញការចាប់អារម្មណ៍ផងដែរ។ លោក អាណានគ្រីសណាន បានបន្តថា ក្រុមហ៊ុន HAL ក៏កំពុងពិភាក្សាជាមួយហ្វីលីពីន ក្នុងការលក់ឧទ្ធម្ភាគចក្រចម្បាំងធុនស្រាលរបស់ខ្លួនថែមទៀតផង។
គួរបញ្ជាក់ថា សម្រាប់រយៈពេលរាប់ទសវត្សរ៍ ឥណ្ឌាគឺជាប្រទេសដែលនាំចូលសព្វាវុធនិងបរិក្ខារយោធាធំជាងគេរបស់ពិភពលោក ហើយពុំសូវទទួលជោគជ័យនៅក្នុងទីផ្សារសកលនៃការនាំចេញសព្វាវុធនោះឡើយ។ កាលពីថ្ងៃចន្ទសប្តាហ៍នេះ នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) បានប្រកាសដាក់គោលដៅ បង្កើនទំហំនៃការនាំចេញផលិតផលយោធាប្រចាំឆ្នាំ ឱ្យកើនជាង៣ដងគឺដល់ខ្ទង់៥ពាន់លានដុល្លារ ធៀបនឹងទំហំបច្ចុប្បន្ន នៅក្នុងរយៈពេល២ឆ្នាំខាងមុខ៕