(យូអិន)៖ ប្រមុខអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតឺរ៉េស (Antonio Guterres) បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា ប្រធានាធិបតីស៊ីរី លោក បាសា អាល់អាសាដ (Bashar al-Assad) បានយល់ព្រមអនុញ្ញាតឲ្យមានផ្តល់ជំនួយរបស់អង្គការសហប្រជាជាតិ ទៅកាន់ភាគពាយព្យនៃប្រទេសស៊ីរី ដែលកាន់កាប់ដោយក្រុមប្រឆាំង តាមរយៈច្រកព្រំដែនចំនួន២បន្ថែមទៀត ចេញពីប្រទេសតួកគីសម្រាប់រយៈពេលបីខែ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក ហ្គូតឺរ៉េស បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក អាសាដ បានយល់ព្រមបើកច្រកព្រំដែន បាប អាល់សាឡាម (Bab Al-Salam) និងច្រកអារ៉ាអ៉ី (Al Ra'ee) បន្ទាប់ពីប្រធានទីភ្នាក់ងារផ្តល់ជំនួយរបស់ UN លោក ម៉ាទីន ហ្រ្គីហ្វហ្វីដ (Martin Griffiths) បានជួបជាមួយលោកប្រធានាធិបតីរូបនេះ ក្នុងកិច្ចប្រជុំមួយនៅទីក្រុងដាម៉ាស។ ការផ្លាស់ប្តូរនេះកើតឡើងមួយសប្តាហ៍ ក្រោយការរញ្ជួយដីដ៏សាហាវក្នុងប្រទេសតួកគី និងស៉ីរី ដែលបានផ្តាច់ជីវិតមនុស្សកើនដល់លើស ៣៧,០០០នាក់។ កិច្ចព្រមព្រៀងរបស់លោក អាសាដ មានន័យថា UN អាចប្រើប្រាស់ច្រកព្រំដែនសរុបចំនួន៣ មកពីប្រទេសតួកគី ដើម្បីទៅដល់ភាគពាយ័ព្យនៃប្រទេសស៉ីរី ជាទីដែលហែកហួរដោយសង្រ្គាម។

គួរបញ្ជាក់ថា UN មានសិទ្ធិរួចជាស្រេចហើយ ក្នុងការប្រើប្រាស់ច្រកព្រំដែន បាប អាល់ហាវ៉ា (Bab al-Hawa) ចាប់តាំងពីឆ្នាំ២០១៤មកម្ល៉េះ ដើម្បីបញ្ចូនជំនួយដល់មនុស្សរាប់លាននាក់ ដែលត្រូវការជំនួយនៅឯភាគពាយ័ព្យនៃប្រទេសស៉ីរី៕