(តៃប៉ិ)៖ ក្រុមប្រឹក្សាទទួលបន្ទុកកិច្ចការប្រទេសចិនរបស់តៃវ៉ាន់ បានប្រកាសនៅថ្ងៃអង្គារនេះថា តៃវ៉ាន់នឹងបើកទទួលស្វាគមន៍ឡើងវិញសម្រាប់អ្នកដំណើរ មកពីទីក្រុងហុងកុងនិងទីក្រុងម៉ាកាវ ដែលវាគឺជាផ្នែកនៃការបន្តបន្ធូរបន្ថយវិធានការកូវីដ១៩ បន្ថែមទៀតរបស់ដែនកោះនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤​ ខែកុម្ភៈ ឆ្នាំ២០២៣។

សេចក្តីថ្លែងការណ៍របស់ការិយាល័យតៃវ៉ាន់ខាងលើ បាននិយាយថា អ្នករស់នៅទីក្រុងហុងកុងនិងម៉ាកាវ អាចដាក់ពាក្យស្នើសុំសិទ្ធិស្នាក់នៅបណ្តោះអាសន្ន នៅតៃវ៉ាន់បានចាប់ពីថ្ងៃទី២០ ខែកុម្ភៈតទៅ។ តៃវ៉ាន់បានគូសបញ្ជាក់ថា ផែនការបើកព្រំប្រទល់ដើម្បីទទួលអ្នកដំណើរមកពីហុងកុង-ម៉ាកាវនេះ គឺស្ថិតក្រោម​ការវាយតម្លៃស្ទាបស្ទង់ រយៈពេលយូរដែរមកហើយ។ យ៉ាងណាក្តី តៃវ៉ាន់មិនទាន់សម្រេចលុបចោលការរឹតត្បិត ចំពោះអ្នកដំណើរមកពីតំបន់ដទៃទៀតរបស់​ប្រទេសចិន នៅឡើយទេ។

គួរបញ្ជាក់ថា សម្រាប់ប្រទេសចិនផ្ទាល់វិញ គឺទើបតែបានបើកការធ្វើដំណើរឡើងវិញទាំងស្រុង ជាមួយទីក្រុងហុងកុង-ម៉ាកាវ ដែលជាតំបន់រដ្ឋបាលពិសេស​របស់ខ្លួន កាលពីសប្តាហ៍មុន៕