(ណៃពិដោ)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា របបយោធាមីយ៉ាន់ម៉ានឹងអនុញ្ញាតឲ្យជនស៊ីវិល ដែលគេចាត់ទុកថា «ស្មោះត្រង់នឹងរដ្ឋ» ស្នើសុំអាជ្ញាបណ្ណដើម្បីកាន់កាប់អាវុធ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។

មេដឹកនាំនៃរបបយោធាមីយ៉ាន់ម៉ា គ្រោងនឹងអនុញ្ញាតឲ្យពលរដ្ឋដែលមានអាយុលើសពី ១៨ឆ្នាំ ទទួលបានអាជ្ញាបណ្ណកាន់កាំភ្លើង និងគ្រាប់កាំភ្លើង ជាច្រើនប្រភេទ។ មន្ត្រីរាជការសាធារណៈ និងយោធាចូលនិវត្តន៍ ក៏នឹងស្ថិតក្នុងចំណោមអ្នកដែលត្រូវបានអនុញ្ញាតឲ្យរក្សាទុកអាវុធផងដែរ។ បើតាមឯកសារបែកធ្លាយចំនួន ១៥ទំព័រ ស្តីពីអាជ្ញាបណ្ណកាំភ្លើង អ្នកដែលទទួលការអនុញ្ញាតឲ្យរក្សាទុកកាំភ្លើងត្រូវតែ «ស្មោះត្រង់ចំពោះជាតិ មានសីលធម៌ល្អ» និងមិនពាក់ព័ន្ធនឹងអំពើខុសច្បាប់។ អ្នកកាន់លិខិតអនុញ្ញាតក៏ត្រូវអនុវត្តតាមផងដែរ នៅពេលមានបទបញ្ជាដោយ អាជ្ញាធរមូលដ្ឋានឲ្យចូលរួមក្នុង «ការរក្សាសន្តិសុខ ការអនុវត្តច្បាប់ និងទប់ស្កាត់ឧក្រិដ្ឋកម្ម»។ អ្នកនាំពាក្យរបបយោធា លោក ហ្ស មីនទួន (Zaw Min Tun) បានទទួលស្គាល់ពីផែនការនេះ ក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយសរសេរជាភាសាមីយ៉ាន់ម៉ា កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ។

គួរបញ្ជាក់ថា របបយោធាមីយ៉ាន់ម៉ា មានបំណងបង្កើតឡើងវិញនូវច្បាប់ស្តីពីកម្មសិទ្ធិកាំភ្លើងដែលត្រូវបានដកហូត បន្ទាប់ពីការបះបោរឆ្នាំ១៩៨៨ ប្រឆាំងនឹងរបបយោធាពីមុនមក៕