(តូក្យូ)៖ រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក យ៉ាងស៊ូកាហ្ស៊ូ ហាម៉ាដា (Yasukazu Hamada) នៅថ្ងៃអង្គារនេះ បាននិយាយថា ប្រទេសរបស់លោកគ្រោងនឹង ដាក់ការបញ្ជាទិញមីស៉ីលគ្រូស ថូម៉ាហាក (Tomahawk) ក្នុងចំនួនយ៉ាងច្រើនពីសហរដ្ឋអាមេរិក មិនឱ្យលើសពីខែមីនា ឆ្នាំ២០២៤ ស្របពេលដែលជប៉ុនចាប់ផ្តើមអនុវត្តផែនការពង្រឹងវិស័យយោធារបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។
លោក ហាម៉ាដា បានលើកឡើងថា ជប៉ុនមានបំណង់ចង់សម្រេចឱ្យបាននូវកិច្ចសន្យា ដើម្បីទិញមីស៉ីល Tomahawks ដែលផលិតដោយក្រុមហ៊ុន រេធីអន តិចណូឡូជី (Raytheon Technologies) តាមរយៈកម្មវិធីលក់សព្វាវុធនិងបរិក្ខារយោធាឱ្យបរទេស របស់រដ្ឋាភិបាលអាមេរិក នៅកំលុងឆ្នាំសារពើពន្ធ២០២៣ ដែលចាប់ផ្តើមនៅថ្ងៃទី១ ខែមេសា ឆ្នាំនេះ ហើយបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។
កញ្ចប់ថវិកាយោធាចុងក្រោយបំផុតរបស់ប្រទេសជប៉ុន ដែលកើនក្នុងកម្រិតមួយភាគបួន ធៀបនឹងឆ្នាំកន្លងទៅ គឺរួមមានទាំងថវិកា១.៦ពាន់លានដុល្លារ សម្រាប់ការទិញប្រភេទមីស៉ីលគ្រូស ខណៈវាគឺជាផ្នែកនៃផែនការពង្រឹងវិស័យយោធាធំបំផុតរបស់ទីក្រុងតូក្យូ គិតចាប់តាំងពីសម័យសង្រ្គាមលោកលើកទី២។ រដ្ឋាភិបាលជប៉ុនមិនបានប្រាប់ថា តើខ្លួននឹងទិញមីស៉ីលគ្រូសសរុបចំនួនប៉ុន្មានឡើយ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ធ្លាប់បានរាយការណ៍ថា ជប៉ុនចង់បានរហូតដល់៥០០គ្រាប់។
គួរបញ្ជាក់ថា ជប៉ុនចង់បានប្រភេទមីស៉ីលគ្រូស ដើម្បីផ្តល់សមត្ថភាពដល់យោធារបស់ខ្លួន ក្នុងការវាយប្រហារទៅលើគោលដៅ ដែលស្ថិតនៅចម្ងាយឆ្ងាយៗពីប្រទេសជប៉ុន ក្រោមគោលបំណងទប់ស្កាត់កុំឱ្យប្រទេសដទៃទៀត រួមមានចិនជាដើម ហ៊ានបើកការវាយប្រហារទៅលើខ្លួន។ មីស៉ីលគ្រូសដែលបាញ់ចេញពីនាវាចម្បាំង ហើយអាចហោះបានចម្ងាយជាង ១,០០០គីឡូម៉ែត្រ នឹងមានសមត្ថភាពគ្រប់គ្រាន់ ឱ្យជប៉ុនបាញ់ទៅលើគោលដៅ ដែលស្ថិតក្នុងប្រទេសចិន៕