(អាំស្ទែដាំ)៖ ក្រសួងការពារជាតិរបស់ប្រទេសហូឡង់ បានប្រកាសនៅថ្ងៃចន្ទសប្តាហ៍នេះថា យន្តហោះចម្បាំង F-35 ចំនួនពីរគ្រឿងរបស់ខ្លួន បានស្ទាក់ចាប់និងប្រដេញយន្តហោះយោធារុស្ស៊ី ៣គ្រឿង ចេញពីដែនអាកាសរបស់ប្រទេសប៉ូឡូញ ក្រោមឆ័ត្ររបស់អង្គការណាតូ (NATO)។ នេះបើយោងតាមការដកស្រង់ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។

យន្តហោះ F-35 របស់ហូឡង់ចំនួន ៨គ្រឿង ត្រូវបានបញ្ជូនទៅប៉ូឡូញ ចាប់តាំងពីខែកុម្ភៈ និងខែមីនា ឆ្នាំ២០២២ មកម្ល៉េះសម្រាប់ប្រតិបត្តិការការពាររួមគ្នានៃប្រទេសជាសមាជិកអង្គការណាតូ។ សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិហូឡង់ បានឲ្យដឹងថា យន្តហោះមិនស្គាល់អត្តសញ្ញាណ បានហោះចេញពីតំបន់កាលីនីងក្រាដ (Kaliningrad) ឆ្ពោះចូលទៅជិតតំបន់ទទួលខុសត្រូវរបស់ប៉ូឡូញ។ បន្ទាប់ពីកំណត់អត្តសញ្ញាណនៃយន្តហោះ៣គ្រឿងនោះបាន ថាជាយន្តហោះ IL-20M Coot-A របស់រុស្ស៊ី អមដោយយន្តហោះចម្បាំង Su-27 Flankers ចំនួន២គ្រឿងផ្សេងទៀត នៅពេលនោះ យន្តហោះ F-35 របស់ហូឡង់បានហោះប្រដេញពីចម្ងាយ រួចប្រគល់ទៅឲ្យប៉ូឡូញ។ យ៉ាងនេះក្តី ក្រសួងការពារជាតិរុស្ស៉ី នៅមិនទាន់មានការឆ្លើយតបចំពោះសំណើរសុំការអត្ថាធិប្បាយនោះទេ។

គួរបញ្ជាក់ថា Kaliningrad គឺជាតំបន់ឆ្នេរបាល់ទិករបស់រុស្ស៊ី ដែលស្ថិតនៅចន្លោះប្រទេសសមាជិកណាតូ គឺប៉ូឡូញ និងប្រទេសសមាជិកសហភាពអឺរ៉ុប គឺលីទុយអានី។ Il-20M Coot-A គឺជាឈ្មោះដែលដាក់ដោយអង្គការណាតូ សម្រាប់យន្តហោះឈ្លបយកការណ៍រុស្ស៊ី Ilyushin Il-20M ខណៈដែល Su-27 Flankers គឺជាឈ្មោះដែលអង្គការណាតូដាក់សម្រាប់យន្តហោះចម្បាំង Sukhoi Su-28 របស់រុស្ស៉ី៕