(វ៉ាស៉ីនតោន)៖ នៅថ្ងៃចន្ទសប្តាហ៍នេះ សេតវិមានបានបញ្ជាក់ថា គ្មានការរកឃើញអំពីយានមនុស្សក្រៅភព ឬអេលៀន (aliens) នោះទេ បន្ទាប់ពីសហរដ្ឋអាមេរិកបានបាញ់ទម្លាក់វត្ថុមិនស្គាល់អត្តសញ្ញាណជាបន្តបន្ទាប់ នៅលើដែនអាកាសតំបន់អាមេរិកខាងជើង ក្នុងខែកុម្ភៈនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកស្រី ការីន ហ្សង់ព៊ែរ (Karine Jean-Pierre) អ្នកនាំពាក្យរបស់សេតវិមានបានគូសបញ្ជាក់ថា «ខ្ញុំដឹងថាមានសំណួរ និងការព្រួយបារម្ភអំពីបញ្ហានេះ ប៉ុន្តែវាមិនមានទេ។ ជាថ្មីម្តងទៀតខ្ញុំចង់បញ្ជាក់ថា មិនមានការរកឃើញយានមនុស្សក្រៅភព ឬអេលៀន ក្នុងការបាញ់ទម្លាក់ចេញពីដែនអាកាសអាមេរិកនាពេលថ្មីៗនេះទេ»

កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ឧត្តមសេនីយទ័ពអាកាសអាមេរិកម្នាក់ បាននិយាយថា លោកមិនបដិសេធពីវត្តមានយានមនុស្សក្រៅភព ឬការពន្យល់ណាមួយផ្សេងទៀតនៅឡើយទេ ដោយបង្វែរសំណួរនេះទៅអ្នកជំនាញចារកម្មរបស់សហរដ្ឋអាមេរិក។ ការបកស្រាយរបស់សេតវិមានខាងលើនេះ ជាការបង្ហាញពីសមត្ថភាពរបស់រដ្ឋាភិបាលអាមេរិក ជុំវិញការធានាលើករណីនេះ។

គួរបញ្ជាក់ថា តាមការស្ទង់មតិមួយកាលពីឆ្នាំ២០២០ តិចជាងពាក់កណ្តាលនៃពលរដ្ឋអាមេរិកជឿថា មានថាសហោះ ឬ UFO បានមកទស្សនាភពផែនដី។ ឧបទ្ទវហេតុថ្មីនេះបានកើតឡើងចំពេលដែលមន្ទីរបញ្ចកោណ កំពុងអនុវត្តការជំរុញថ្មីមួយដើម្បីស៊ើបអង្កេតលើ UFO ដែលកំណត់ជាផ្លូវការដោយរដ្ឋាភិបាលថាជា «បាតុភូតពីលើអាកាសដែលមិនស្គាល់អត្តសញ្ញាណ»។ ក្នុងរបាយការណ៍របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក នៅខែមិថុនា ឆ្នាំ២០២១ នៅមិនទាន់អាចកំណត់បានថាអ្វីទៅជា «បាតុភូតពីលើអាកាសដែលមិនស្គាល់អត្តសញ្ញាណ» រហូតដល់ ១៤៤ករណី៕