(ជីស៊ីណូ)៖ ប្រធានាធិបតីនៃប្រទេសម៉ុលដាវី លោកស្រី ម៉ៃយ៉ា សាន់ឌូ (Maia Sandu) នៅថ្ងៃចន្ទសប្ដាហ៍នេះបានចោទប្រកាន់រុស្ស៉ីថាមានផែនការបង្កចលាចលដើម្បីទម្លាក់ លោកស្រីពីតំណែង ទប់សា្កត់ម៉ុលដាវីកុំឱ្យចូលរួមក្នុងសហភាពអឺរ៉ុប និងមានបំណងប្រើប្រាស់ប្រទេសរបស់លោកស្រីនៅក្នុងសង្រ្គាមឈ្លានពានអ៊ុយក្រែន។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកស្រី ម៉ៃយ៉ា សាន់ឌូ ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយកាលពី សប្ដាហ៍មុនថាប្រទេសរបស់លោកបានដឹងពីផែនការសម្ងាត់មួយរបស់រុស្ស៉ី ក្នុងការបំផ្លិចបំផ្លាញម៉ុលដាវី និងតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយនាយករដ្ឋមន្ត្រីម៉ុលដាវី លោកស្រី ណាតាលី ហ្កាវ្រៀលលីតា (Natalia Gavrilita) លាលែងចេញពីតំណែង។ បើតាមលោកស្រី សាន់ឌូ ផែនការរដ្ឋប្រហាររបស់រុស្ស៉ីមានជាប់ពាក់ព័ន្ធនឹងមនុស្សមួយចំនួនមកពីរុស្ស៉ី ម៉ុងតេណេហ្គ្រោ បេឡារុស និងស៊ែរប៊ី ដែលមានបំណងចូលក្នុងប្រទេសម៉ុលដាវី ដើម្បីញុះញង់ឱ្យមានបាតុកម្មតវ៉ាក្នុងចេតនាធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស្របច្បាប់ ហើយ បង្កើតរដ្ឋាភិបាលខុសច្បាប់មួយឡើង គ្រប់គ្រងដោយរុស្ស៉ី។

លោកស្រី សាន់ឌូ បានបន្ថែមដូច្នេះថា «ការប៉ុនប៉ងរបស់វិមានក្រឹមឡាំងក្នុងការបង្កអំពើហិង្សាក្នុងប្រទេសម៉ុលដាវី នឹងមិនដំណើការឡើយ។ គោលដៅរបស់យើងនោះគឺសន្តិសុខ របស់ប្រជាជន និងរដ្ឋ។ គោលដៅរបស់យើងគឺសន្តិភាព និងសណ្ដាប់ធ្នាប់សង្គមនៅក្នុងប្រទេស»

គួរបញ្ជាក់ថា រុស្ស៉ីកន្លងមកក៏ធ្លាប់រងការចោទប្រកាន់ពីការលូកលាន់កិច្ចការផ្ទៃក្នុងរបស់ម៉ូលដាវីផងដែរ តែទីក្រុងមូស្គូបានច្រានចោលការចោទប្រកាន់បែបនេះ។ ចំណែកឯខាង សេតវិមានវិញ បាននិយាយថាសេចក្ដីរាយការណ៍ពីផែនការធ្វើរដ្ឋប្រហាររបស់រុស្ស៉ីនៅម៉ុលដាវី មិនទាន់មានការបញ្ជាក់ដោយឯករាជ្យនោះទេ ប៉ុន្តែមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះអាកប្បកិរិយាសព្វថ្ងៃរបស់រុស្ស៉ី៕