(វ៉ាស៊ីនតោន)៖ យោធាអាមេរិក បាននិយាយថាខ្លួនស្រង់បាននូវឧបករណ៍អេឡិចត្រូនិកសំខាន់ៗ មួយចំនួនពីបាឡុងចិនដែលត្រូវបានយន្ដហោះចម្បាំងអាមេរិកបាញ់ទម្លាក់ កាលពីថ្ងៃទី៤ ខែកុម្ភៈនៅឯតំបន់ឆ្នេរនៃរដ្ឋ South Carolina ក្នុងនោះរួមមានទាំងស៉ិនស័រ (sensors) ទំនងជាត្រូវបានប្រើសម្រាប់ការប្រមូលព័ត៌មានសម្ងាត់ផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោ) ទីបញ្ជាការយោធាអាមេរិកប្រចាំតំបន់ភូមិភាគខាងជើង បានគូសបញ្ជាក់ដូច្នេះថា «ក្រុមនាវិកបានស្រង់យកបំណែកសំខាន់ៗពីទីតាំង (ដែលបាឡុងចិនត្រូវបានបាញ់ទម្លាក់) ក្នុងនោះរួមមានទាំងស៉ិនស័រចម្បង និងឧបករណ៍អេឡិចត្រូនិកមួយចំនួន ព្រមទាំង បំណែកដទៃទៀតមួយផ្នែកធំ»

គួរបញ្ជាក់ថា មន្ទីរបញ្ចេកោណបានចោទប្រកាន់ថា បាឡុងចិនដែលត្រូវបានយន្ដហោះចម្បាំងអាមេរិកបាញ់ទម្លាក់ កាលពីថ្ងៃទី៤ ខែកុម្ភៈគឺជាបាឡុងស៊ើបការណ៍។ ប៉ុន្តែខាង ទីក្រុងប៉េកាំង បានច្រានចោលការចោទប្រកាន់នេះ ដោយអះអាងថាបាឡុងរបស់ខ្លួនជាបាឡុងស៊ីវិលដែលផ្ដោតសំខាន់លើការសិក្សាឧតុនិយមតែប៉ុណ្ណោះ។ ឧប្បត្តិហេតុបាឡុង នេះបានធ្វើឱ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ស្គាល់ភាពតានតឹងខ្លាំងជាថ្មី រហូតដល់មានការលុបចោលគម្រោងបំពេញទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន ទៅកាន់ទីក្រុងប៉េកាំងកាលពីដើមខែកុម្ភៈ៕