(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះបានចេញមុខរិះគន់ទីក្រុងប៉េកាំង បន្ទាប់ពីមានសេចក្ដីរាយការណ៍ថាយោធាចិនបានបាញ់ឡាស៊ែរដាក់នាវាមួយគ្រឿងរបស់ឆ្មាំសមុទ្រហ្វីលីពីន នៅក្នុងតំបន់ ជម្លោះដែនទឹកនៃសមុទ្រចិនខាងត្បូង កាលពីសប្ដាហ៍មុន ដោយបណ្ដាលឱ្យនាវិកហ្វីលីពីនខ្លះមានបញ្ហាភ្នែក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បាននិយាយថាសកម្មភាពរបស់ឆ្មាំសមុទ្រចិនគឺជាទង្វើបង្កហេតុ និងបង្កគ្រោះថ្នាក់ ដែលជាលទ្ធផលធ្វើឱ្យសមាជិក នាវិកមួយចំនួននៃឆ្មាំសមុទ្រហ្វីលីពីន ងងឹតភ្នែកមួយរយៈពេលខ្លី។ អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់បន្ថែមដូច្នេះថា «សហរដ្ឋអាមេរិកនឹងឈរជាមួយសម្ព័ន្ធមិត្តហ្វីលីពីនរបស់យើង នៅក្នុងការប្រឈមមុខនឹង សេចក្ដីរាយការណ៍ដែលថាឆ្មាំសមុទ្រចិនប្រើប្រាស់ឡាស៊ែរប្រឆាំងនឹងនាវាមួយគ្រឿងរបស់ឆ្មាំសមុទ្រហ្វីលីពីន»។

គួរបញ្ជាក់ថា បើតាមភាគីហ្វីលីពីន ហេតុការណ៍ខាងលើបានកើតឡើង កាលពីថ្ងៃទី៦ ខែកុម្ភៈកន្លងទៅនេះ ស្ថិតនៅចម្ងាយប្រហែល២០គីឡូម៉ែត្រពីតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal នៅក្នុងទីក្រុងជុំកោះ Spratly ជាទីដែលកងកម្លាំងម៉ារីនហ្វីលីពីនកំពុងឈរជើង។ ក៏ប៉ុន្តែ ខាងទីក្រុងប៉េកាំង តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានអះអាងថានាវាឆ្មាំសមុទ្រហ្វីលីពីនទៅវិញទេដែល ជាអ្នកបំពានចូលក្នុងដែនទឹកចិន ដោយគ្មានការអនុញ្ញាតកាលពីថ្ងៃទី៦ ខែកុម្ភៈ ហើយថាការឆ្លើយតបរបស់ឆ្មាំសមុទ្រចិនធ្វើឡើងប្រកបដោយវិជ្ជាជីវៈជាមួយការអត់ធ្មត់ ស្របទៅតាមច្បាប់ចិន និងច្បាប់អន្តរជាតិ៕