(កៀវ)៖ ក្រុមមន្ត្រីយោធាអ៊ុយក្រែនបានឱ្យដឹងថា ទីក្រុងបាកមូត ស្ថិតនៅភាគខាងកើតនៃប្រទេស កំពុងប្រឈមមុខនឹងការបាញ់ផ្លោងដោយគ្រាប់កាំភ្លើងធំយ៉ាងសម្បើម ពីសំណាក់កងកម្លាំងរុស្ស៉ី ខណៈ ប្រមុខអង្គការ NATO បានគាំទ្ររបាយការណ៍ដែលថាប្រតិបត្តិការវាយលុកទ្រង់ទ្រាយធំសាជាថ្មីរបស់រុស្ស៉ីបានចាប់ផ្ដើមហើយ តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះមុននឹងសង្រ្គាមឈ្លានពានរបស់ទីក្រុងមូស្គូ ឈានចូល គម្រប់ខួបមួយឆ្នាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រុមមន្ត្រីយោធាអ៊ុយក្រែន កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បាននិយាយថាទាហានអ៊ុយក្រែនដែលកំពុងតស៊ូប្រយុទ្ធអស់រយៈពេលជាច្រើនខែមកនេះ បាននិងកំពុងប្រឈមមុខនឹងការវាយប្រហារថ្មីមួយ ដោយ ក្នុងនោះទីតាំងជាច្រើនកន្លែងនៅក្នុងទីក្រុងបាកមូត (Bakhmut) បាន និងកំពុងស្ថិតនៅក្រោមការបាញ់ផ្លោងគ្រាប់កាំភ្លើងធំ។ ជុំវិញស្ថានការណ៍សង្គ្រាមនេះដែរ អគ្គលេខាធិការអង្គការ NATO Jens Stoltenberg បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងព្រុចសែល យ៉ាងដូច្នេះថា «អ្វីដែលយើងកំពុងឃើញ នោះគឺពួកគេ (រុស្ស៉ី) កំពុងបញ្ជូនកងទ័ពបន្ថែម អាវុធបន្ថែម និងបង្កើនសមត្ថភាពបន្ថែម... ដែល នេះគឺជាការចាប់ផ្ដើមនៃការវាយលុកថ្មីមួយ»

គួរបញ្ជាក់ថា ទីក្រុងបាកមូត នាពេលបច្ចុប្បន្ន គឺជាកម្មវត្ថុចម្បងមួយរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដែលចង់ឱ្យកងទ័ពរុស្ស៉ីវាយដណ្ដើមកាន់កាប់ទីក្រុងនេះឱ្យបាន ដ្បិតទីក្រុងមួយនេះនឹងផ្ដល់មូលដ្ឋាន យុទ្ធសាស្ត្រថ្មីមួយដ៏សំខាន់សម្រាប់ទាហានរុស្ស៉ី នៅក្នុងតំបន់ដូណេត និងជាជ័យជម្នះដ៏កម្រមួយ ក្រោយបរាជ័យជាបន្តបន្ទាប់នាពេលកន្លងមក។ ការវាយប្រហារលើទីក្រុងបាកមូត ធ្វើឡើងនៅក្រោមប្រតិបត្តិការ ដឹកនាំដោយទាហានស៊ីឈ្នួលរុស្ស៉ីដែលបានប្រកាសពីជោគជ័យតិចតួចមែនពិត តែវាជាការរីកចម្រើនទៅមុខដោយសន្សឹមៗ៕