(សិង្ហបុរី)៖ សហរដ្ឋអាមេរិក និងចិនកំពុងស្ថិតនៅលើ «ដំណើរប៉ះទង្គិចគ្នាដ៏គ្រោះថ្នាក់» ដែលអាចមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ពិភពលោកទាំងមូល នេះបើតាមការលើកឡើងរបស់សេដ្ឋវិទូអាមេរិក Jeffrey Sachs ចុះផ្សាយដោយសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។
លោកបណ្ឌិត Sachs នាយកមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព នៃសាកលវិទ្យាល័យ Columbia បានលើកឡើងថា «(យើងត្រូវ)យកអ៊ុយក្រែនជាសញ្ញាព្រមាន។ រឿងដូចគ្នានេះអាចកើតឡើងនៅអាស៊ី ដែលអាចមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ពិភពលោកទាំងមូល»។
លោកបានសង្កត់ធ្ងន់ថា «យើងត្រូវការចិននិងសហរដ្ឋអាមេរិកនិយាយគ្នា ចរចាគ្នា និងមានការសន្ទនាគ្នាទៅវិញទៅមក។ តែនេះមិនកើតឡើងឥឡូវនេះទេ»។
គួរបញ្ជាក់ថា ការលើកឡើងនេះ កើតឡើងចំពេលមានការចោទប្រកាន់គ្នា រវាងមហាអំណាចពិភពលោកទាំងពីរ ទាក់ទងនឹងបាល់ឡុង និងវត្ថុមិនស្គាល់អត្តសញ្ញាណដែលហោះពីលើដែនអាកាសរបស់គ្នាទៅវិញទៅមក៕