(ម៉ូស្គូ)៖ ទីភ្នាក់ងារសេវាចារកម្មបរទេសរបស់រុស្ស៊ីបានឲ្យដឹងនៅថ្ងៃចន្ទនេះថា ខ្លួនបានទទួលព័ត៌មានចារកម្មមួយថា យោធាអាមេរិកកំពុងរៀបចំក្រុមសកម្មប្រយុទ្ធអ៊ីស្លាម ដើម្បីវាយប្រហារគោលដៅនានាក្នុងប្រទេសរុស្ស៊ី និងអតីតសហភាពសូវៀត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។

សេវាចារកម្មបរទេសរបស់រុស្ស៊ីដែលស្គាល់ដោយអក្សរកាត់ SVR​​ បាននិយាយថា មានជនសកម្មប្រយុទ្ធ ៦០នាក់ មកពីក្រុមដែលមានទំនាក់ទំនងជាមួយ ISIS និងអាល់កៃដាត្រូវបានជ្រើសរើស ហើយកំពុងទទួលការបណ្តុះបណ្តាល នៅមូលដ្ឋានអាមេរិកក្នុងប្រទេសស៊ីរី។

ទោះជាយ៉ាង ទីភ្នាក់ងារនេះមិនបានបង្ហាញភស្ភតាងទាក់ទងនឹងការអះអាងរបស់ខ្លួននេះទេ។

SVR ដែលធ្លាប់ជាផ្នែកមួយ នៃទីភ្នាក់ងារយោធាដ៏មានឥទ្ធិពលនៅសម័យសូវៀត (KGB) ដឹកនាំដោយ លោក Sergey Naryshkin ដែលបានជួបជាមួយនាយក CIA លោក William Burns កាលពីឆ្នាំមុននៅទីក្រុងអង់ការ៉ា។

គួរបញ្ជាក់ថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន បានរុញទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដល់ចំណុចទាបបំផុតចាប់តាំងពីវិបត្តិសង្គ្រាមត្រជាក់។

ប្រធានាធិបតីរុស្ស៉ី លោក ពូទីន ចាត់ទុកសហរដ្ឋអាមេរិក ជាប្រទេសដែលបដិសេធម្តងហើយម្តងទៀត មិនគិតពីផលប្រយោជន៍រុស្ស៊ីចាប់តាំងពីការដួលរលំនៃសហភាពសូវៀតឆ្នាំ១៩៩១។ ចំណែកឯប្រធានាធិបតី ចូ បៃដិន ចាត់ទុក លោក ពូទីន ជាមេដឹកនាំផ្តាច់ការដែលបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សហរដ្ឋអាមេរិក៕