(ប៉េកាំង)៖ នៅថ្ងៃចន្ទនេះ ទីក្រុងប៉េកាំងបាននិយាយថា ធ្លាប់មានបាឡុងរយៈកម្ពស់ខ្ពស់របស់សហដ្ឋអាមេរិក ហោះនៅលើដែនអាកាសរបស់ប្រទេសចិន ដោយពុំមានការអនុញ្ញាតលើសពី១០លើក គិតចាប់តាំងពីដើមឆ្នាំ២០២២មក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) បានធ្វើការអះអាងដូចខាងលើ ជាការឆ្លើយតបចំពោះសំណួរមួយ កំលុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅឯទីក្រុងប៉េកាំង ហើយលោកមិនបានផ្តល់ខ្លឹមសារលម្អិតជាងនេះទៀតឡើយ។ នៅពេលសួរថាតើចិនបានឆ្លើយតបរបៀបណា ចំពោះការហោះហើរនៃបាឡុងទាំងនោះ លោក វ៉ាង បាននិយាយថា ចំណាត់ការរបស់ចិនចំពោះឧប្បត្តិហេតុបែបនោះ គឺប្រកបដោយការទទួលខុសត្រូវ និងមានវិជ្ជាជីវៈត្រឹមត្រូវ។
គួរបញ្ជាក់ថា ការអះអាងខាងលើរបស់ទីក្រុងប៉េកាំងកើតមានឡើង បន្ទាប់ពីសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានបាញ់ទម្លាក់នូវអ្វីដែលខ្លួនអះអាងថា ជាបាឡុងចារកម្មរបស់ចិន នៅក្បែរឆ្នេររដ្ឋការ៉ូលីណាខាងត្បូង (South Carolina)។ ចិនបានលើកឡើងថា វាគ្រាន់តែជាបាឡុងស៉ីវិលស្រាវជ្រាវធម្មតា ដែលត្រូវបានខ្យល់បក់រសាត់ចូលទៅដល់ ដែនអាកាសអាមេរិកដោយអចេតនា ហើយចោទទីក្រុងវ៉ាស៉ីនតោនថាប្រតិកម្មជ្រុលហួសហេតុ។ ចំណែកប៉ុន្មានថ្ងៃកន្លងទៅនេះ យោធាអាមេរិកក៏បានបាញ់ទម្លាក់ វត្ថុហោះហើរមិនស្គាល់អត្តសញ្ញាណចំនួន៣ផ្សេងទៀត នៅលើដែនអាកាសនៃតំបន់អាមេរិកខាងជើងផងដែរ៕