(ព្រុចសែល)៖ អង្គការណាតូ (NATO) ត្រូវបានគេរំពឹងថានឹងស្នើឲ្យសមាជិករបស់ខ្លួនបង្កើនចំនួនគ្រាប់រំសេវនៅក្នុងឃ្លាំងស្តុកអាវុធរបស់ខ្លួន ដែលបានបាត់បង់យ៉ាងច្រើនដោយសារសង្រ្គាមនៅអ៊ុយក្រែន ខណៈដែលសម្ព័ន្ធមិត្តព្យាយាមធ្វើឱ្យការផ្គត់ផ្គង់អាវុធដល់ទីក្រុងកៀវ ក៏ដូចជាសម្រាប់យោធាពួកគេផ្ទាល់ ស្ថិតក្នុងជំហរមួយមាននិរន្តរភាព ក្រោយវិបត្តិសង្គ្រាមជិត១ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងាសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។
នៅមុនពេលរុស្ស៊ីឈ្លានពានលើអ៊ុយក្រែន នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២ ប្រទេសជាសមាជិកជាច្រើនបានខកខាន ក្នុងការបំពេញតាមគោលដៅស្តុកទុករបស់បក្សសម្ព័ន្ធយោធាមួយនេះ ដោយសារក្រុមមន្ត្រីចាត់ទុកថាការធ្វើសង្រ្គាមអូសបន្លាយ ដោយប្រើប្រព័ន្ធកាំភ្លើងធំ ក្នុងទ្រង់ទ្រាយធំ គឺរឿងហួសសម័យហើយ។ ប៉ុន្តែល្បឿននៃការបញ្ជូនទៅកាន់អ៊ុយក្រែន ជាកន្លែងដែលកងទ័ពអ៊ុយក្រែន កំពុងបាញ់កាំភ្លើងធំរហូតដល់ ១០,០០០គ្រាប់ជារៀងរាល់ថ្ងៃ បានធ្វើឲ្យគ្រាប់នៅក្នុងស្តុករបស់លោកខាងលិចថយចុះខ្លាំង និងបានលាតត្រដាងនូវចន្លោះប្រហោងនៃប្រសិទ្ធភាព ល្បឿន និងកម្លាំងនៃខ្សែចង្វាក់ផ្គត់ផ្គង់អាវុធរបស់ខ្លួន។
មន្រ្តីទូតមួយរូបរបស់សហភាពអឺរ៉ុប បានគូសបញ្ជាក់ថា «ប្រសិនបើអឺរ៉ុបត្រូវប្រយុទ្ធជាមួយរុស្ស៊ីវិញនោះ ប្រទេសខ្លះមុខជានឹងអស់គ្រាប់រំសេវ ក្នុងពេលត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ»។ រីឯមន្រ្តីមួយរូបនៅក្នុងអង្គការណាតូ ក៏បានបញ្ជាក់ដែរថា «NATO ទើបតែបានបញ្ចប់ការពិនិត្យលើគ្រាប់រំសេវ ដែលនៅសេសសល់ក្នុងស្តុក។ គោលដៅបង្កើនចំនួនគ្រាប់រំសេវរបស់ណាតូ ដែលយើងបានកំណត់ ភាគច្រើនមិនសម្រចបាននោះទេ មុនពេលសង្គ្រាមអ៊ុយក្រែន។ ឥឡូវនេះ ឃ្លាំងស្តុកអាវុធកាន់តែថយចុះ ដោយសារតែជម្លោះនៅអ៊ុយក្រែន ដែលជាហេតុអាចធ្វើឲ្យណាតូ ត្រូវបង្កើនកម្រិតគោលដៅសម្រាប់ ចំនួនគ្រាប់រំសេវនៅក្នុងស្តុកនៃបណ្តាប្រទេសជាសមាជិក»។
គួរបញ្ជាក់ថា ការសម្រេចចិត្តពាក់ព័ន្ធបញ្ហាខាងលើ ត្រូវរំពឹងថា នឹងកើតមានឡើង នៅពេលដែលមេដឹកនាំណាតូ ជួបគ្នាសម្រាប់កិច្ចប្រជុំកំពូល នៅប្រទេសលីទុយអានី នៅពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៣៕